ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាល​ប៉ុស្តិ៍ពុកឫស្សី ចុះណែនាំ និងធ្វើកិច្ចសន្យាផ្ទះអ្នកគ្រូបង្រៀនម្នាក់ចាក់ធុងបាស់បើកសំឡេងខ្លាំងៗធ្វើ​ឱ្យ​ប៉ះពាល់ដល់សិទ្ធិអ្នកជិតខាង

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «ជម្រាបសួរលោកពូស្នងការ នៅក្បែរផ្ទះខ្ញុំចាក់ធុងបាស់ឮៗ ហើយគាត់ចាក់ធុងបាស់នេះស្ទើរតែរាល់ថ្ងៃ ហើយបើកឮៗ មិនគិតដល់អ្នកជិតខាងសោះ គាត់ចាក់ធុងបាស់នេះពេលល្ងាចឮខ្លាំងៗ។ 

សូមលោកពូស្នងការជួយកុំឱ្យគាត់ចាក់ទៀតអី  ស្ថិតនៅភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្តាល  ផ្ទះអ្នកចាក់ធុងបាស់ឈ្មោះអ្នកគ្រូវ៉ាន់នី គាត់ជាគ្រូបង្រៀន សូមអរគុណ»។

  ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី ចុះស្រាវជ្រាវករណីខាងលើ ។

ជាលទ្ធផល៖ នៅថ្ងៃសុក្រ​ ១២កើត​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២១​ វេលាម៉ោង​១៣៖០០នាទី រសៀល កម្លាំងប៉ុស្តិ៍ពុកឫស្សី​បានចុះទៅដល់ផ្ទះអ្នកគ្រូ វ៉ាន់នី និងប្តីឈ្មោះ សុង សុផុន នៅភូមិពុកឫស្សីលើ​ ឃុំពុកឫស្សី​ ស្រុកខ្សាច់កណ្តាល ហើយបានសួរនាំម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា៖ គាត់ចាក់ធុងបាស់មិនមែនរាល់ថ្ងៃទេ ចាក់តែពេលព្រឹក និងពេលល្ងាចមួយភ្លែតៗទេ​ តែចាក់រៀងឮៗមែន។ 

  បន្ទាប់មកកម្លាំងប៉ុស្តិ៍ពុកឫស្សី បានធ្វើការណែនាំ និងឱ្យម្ចាស់ផ្ទះធ្វើកិច្ចសន្យាពេលចាក់ធុងបាស់ត្រូវបើកសំឡេងឮល្មមៗអាចស្តាប់បាន ហាមបើកឮៗ និងចាក់ត្រូវមានពេលវេលាកំណត់ ដើម្បីកុំប៉ះពាល់ដល់សិទ្ធិអ្នកជិតខាង ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

  អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖សហការី​


ចែករំលែក៖