ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Jeep បុករថយន្តតាកូម៉ាកំពុងចតស្ងៀមបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកJeep មួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងស្រាបានរេចង្កូតឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុករថយន្តតាកូម៉ាដែលកំពុងចតស្ងៀមពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតរៀងៗខ្លួន តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២០ ខែសីហាឆ្នាំ ២០២១ នៅចំណុចមុខសណ្ឋាគារភ្នំពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកJeep ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកម្ពុជាS-8808-S ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកបរស្រវឹងបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវហើយជ្រុលទៅបុករថយន្តតាកូម៉ាពណ៌សពាក់ស្លាកលេខព្រះសីហនុ2B-7785ដែលចតស្ងៀមលើចិញ្ចើមផ្លូវក្នុងទិសដៅពីកើតទៅលិចចំពីចំហៀងខាងស្ដាំផ្នែកខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តតាកូម៉ាវិលមួយជុំ ឯរថយន្តJeso ទៅមុខលែងរួច។

ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។ក្រោយកើតហេតុគេមិនឃើញភាគីទាំងពីរធ្វើការសម្របសម្រួលគ្នានោះទេ។ដោយខាងភាគីរថយន្តJeepបានដោះស្លាកលេខទាំងមុខទាំងក្រោយយកទៅជាមួយបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖