ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជន៣រូបត្រូវបានប្រកាសសម្រាប់ប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០២០-២០២១របស់ UEFA

ចែករំលែក៖

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងប្រកាសជាផ្លូវការនូវការប្រជែងសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហាខាងមុខ។

បេក្ខភាពទាំង៣រូបដែលនឹងត្រូវប្រជែងឈ្នះពានរង្វាន់នេះគឺកីឡាករ ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City កីឡាករ Jorginho និងកីឡាករ N’Golo Kante របស់ក្រុមតោខៀវ Chelsea

គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola និងគ្រូបង្វឹកក្រុម Chelsea លោកThomas Tuchel ក៏ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់គ្រូបង្វឹកល្អផ្នែកបុរសប្រចាំឆ្នាំផងដែរ។ ការតែងតាំងគួរតែមិនមានការភ្ញាក់ផ្អើលទេ​ បន្ទាប់ពីជោគជ័យដែលក្លិបអង់គ្លេសទាំងពីរទទួលបានជោគជ័យក្នុងរដូវកាល ២០២០-២០២១ របស់ពួកគេ។

ក្រុម Manchester City បានទទួលជ័យជម្នះនៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែក្រុមនេះបានចាញ់ក្រុមតោខៀវ Chelsea ក្នុងពានរង្វាន់ Champions League ក្នុងលទ្ធផល ១-០ នៅទីក្រុង Porto ប្រទេសព័រទុយហ្គាល់។

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក De Bruyne គឺជាគន្លឹះនៃភាពជោគជ័យរបស់ក្លិប Man City ដោយជួយឱ្យក្រុមនេះឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាលើកទី៣ក្នុងរយៈពេល៤រដូវកាល។

ខ្សែបម្រើក្រុម Manchester City រូបនេះទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួតចំនួន៣ដងក្នុងការបង្ហាញខ្លួនចំនួន៨លើកក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនដោយរួមចំណែក៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត៣ដង។

កីឡាករ Kante គឺជាកីឡាករសំខាន់ក្នុងការជួយឲ្យ Chelsea ឈ្នះពានរង្វាន់ Champions League ក្នុងរដូវកាល ២០២០-២០២១។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះត្រូវបានគេដាក់ឈ្មោះថា Man of the Match ទាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងក្រុម Real Madrid ក៏ដូចជានៅក្នុងការប្រកួតចុងក្រោយជាមួយក្រុម Manchester City

ចំណែកកីឡាករ Jorginho ជាតារាឆ្នើមម្នាក់ទៀតរបស់ក្រុមតោខៀវ Chelsea បានរីករាយជាមួយរដូវកាល ២០២០-២០២១ ដ៏អស្ចារ្យ ដោយបញ្ចប់ដោយឈ្នះពានរង្វាន់យូរ៉ូ២០២០ជាមួយអុីតាលី ហើយក្លាយជាកីឡាករទី១០ដែលឈ្នះពានរង្វាន់ European Cup និងពានរង្វាន់យូរ៉ូក្នុងឆ្នាំតែមួយ។

ពិធីប្រកាសកីឡាករឆ្នើមប្រចាំឆ្នាំនេះនឹងត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត Halic ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ UEFA)


ចែករំលែក៖