ព័ត៌មានទាន់ហេតុការណ៍៖

ការអនុវត្តវិធានការ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ដើម្បីបញ្ជៀសនូវការឆ្លងជំងឺកូវីដ-១៩ទោះបីអាជ្ញាធរបានបិទបញ្ចប់បម្រាមគោចរ និងវិធានការមួយចំនួនក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល បានលើកឡើងថា ការអនុវត្តវិធានការ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ដើម្បីបញ្ជៀសនូវការឆ្លងជំងឺ Covid-19 ទោះបីអាជ្ញាធរបានបិទបញ្ចប់បម្រាមគោចរ និងវិធានការមួយចំនួនក៏ដោយ ។ នេះជាការលើកឡើងរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌចំការមនជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតសរុប៣៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន អភិបាលរង មន្ត្រីនៃរដ្ឋបាលខណ្ឌ សង្កាត់ផងដែរ ។ 

នៅក្នុងឱកាសនេះ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេចកិត្តិព្រិឹទ្ធបណ្ឌិតតែងតែបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញពីបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សម្បុរ សាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។ 

លោកអភិបាលខណ្ឌ ក៏បានសំណូមពរឲ្យចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌត្រូវតែបម្រើសេវាកម្មលើលិខិតស្នាមរដ្ឋបាល ជូនប្រជាពលរដ្ឋ ព្រោះយើងមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ បើមករកមន្ត្រីខណ្ឌ-សង្កាត់ ហើយទទួលបានការប្រើពាក្យសម្តី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មកលោកភ្លាម ដើម្បីលោកមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ ។ 

លោកប្រធានអនុសាខា ក៏បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីបញ្ជៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ដែលតា ដែលកំពុងតែធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញយើងនេះ ។ 

អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ ទឹកត្រីទឹកស៊ីអុីវ ម៉ាស់និងថវិកាមួយចំនួនផងដែរ ៕

ដោយ៖ ជីណា


ចែករំលែក៖