ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់ខ្លួនបន្ទាប់ពីបានយករថយន្តស្លាកលេខខេមរភូមិន្ទធ្វើសកម្មភាពឃាត់រថយន្តដឹកទំនិញ និង គំរាមកំហែងទារប្រាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:៤០ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានផ្ទះល្វែងខាងត្បូងវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិ ជម្ពូវន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបានចាប់យកវត្ថុតាងរួមមាន ៖
-រថយន្តចំនួន០១គ្រឿង ម៉ាក FORD RANGER (ចង្កូតស្តាំ) ឆ្នាំផលិត2011 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ខេមរភូមិន្ទ ។
-សាជីចំនួន៦ដើម ។
-ទូរស័ព្ទចំនួន២គ្រឿង ។
-ថ្មIDចំនួន១គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕
ដោយ៖ ស សម