ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសាលាខេត្តនៅតែបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣នាក់ ក្នុងនោះរកឃើញវិជ្ជមានDelta ប្រភេទថ្មី១២នាក់បន្ថែមទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣នាក់ បន្ថែមទៀត និងជាសះស្បើយចំនួន៤នាក់ ស្រី៣នាក់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅតាមមណ្ឌលធ្វើតេស្ត និងនៅតាមផ្ទះជួលរបស់ពលរដ្ឋ។

សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំង៣៣នាក់ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ដើម្បីធ្វើចត្តាឡីស័កជាបន្ទាន់ជៀសវាងរីករាលដាលបន្ត។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោលក្រោយរកមិនឃើញមេរោគទេនោះត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ 

សូមបញ្ជាក់ថា ករណីបងប្អូនប្រជាពលរដ្ឋមានរោតសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានខេត្តស្ទឹងត្រែង។ 

រដ្ឋបាលខេត្តបានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៨៦១នាក់ ព្យាបាលជាសះស្បើយ៥០៤នាក់ ស្លាប់ ៦នាក់ ស្រី២នាក់ និងនៅកំពុងសម្រាកព្យាបាល៣៥១នាក់ ស្រី២០០នាក់ ក្នុងនោះរកឃើញប្រភេទជំងឺថ្មី Delta សរុប១៩នាក់ ស្រី១០នាក់ នៅតាមមណ្ឌលធ្វើចត្តាឡីស័ក ព្យាបាលជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង។

រដ្ឋបាលខេត្តស្ទឹងត្រែងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ  និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

                      

ដោយ៖ មាស សុផាត


ចែករំលែក៖