ព័ត៌មានទាន់ហេតុការណ៍៖

ទើបនឹងភ្ជាប់ពាក្យរួច វីរៈ និច្ច បញ្ចេញរូបថតPre- Wedding ហើយ

ចែករំលែក៖

  ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរមិនដាច់ពីមាត់អំពីដំណឹងភ្ជាប់ពាក្យរវាងតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច្ច និងកំលោះសង្ហាម្នាក់ដែលមិនទាន់នឹងស្ងាត់ផង  ស្រាប់តែពេលនេះនាងបានបង្ហាញរូបភាពកាន់តែច្បាស់ពីថ្ងៃរៀបមង្គលការដែលកាន់តែខិតជិតមកដល់ និងធ្វើឲ្យទស្សនិកជនលួចច្រណែននឹងជីវិតគូរបស់តារាចម្រៀងស្រីរូបនេះ ក្រោយពីបានឃើញរូបថតPre- Wedding ដ៏ស្រស់ស្អាតនេះមក។

  វីរៈ និច្ច បានក្លាយជាតារាចម្រៀងស្រីវ័យក្មេងដែលសម្រេចចិត្តទទួលយកគូស្នេហ៍ បើធៀបនឹងតារាចម្រៀងរួមដំបូល និងតារាចម្រៀងដទៃទៀត ។ ខណៈដែលតារាចម្រៀងខ្លះវ័យច្រើនជាង៣០ឆ្នាំហើយក៏មិនដែលឮដំណឹងសូម្បីតែមានសង្សារ និងភ្ជាប់ពាក្យ ឬចូលរោងការនោះ។ ប៉ុន្តែក្មួយស្រីរបស់តារាចម្រៀងខាន់ ជេមរូបនេះបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមិនតិចឡើយក្រោយពីចំណងស្នេហារបស់នាងបង្ហាញពីភាពច្បាស់លាស់ និងទទួលបានការដឹងឮពីចាស់ទុំទាំងសងខាងតាមរយៈពិធីភ្ជាប់ពាក្យសាមញ្ញមួយកាលពីដើមខែសីហានេះព្រោះតែស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩។ កាន់តែធ្វើឲ្យទស្សនិកជនពេញចិត្តថែមទៀតនោះគឺក្រោយពីនាងនិងគូដណ្តឹងបានបង្ហាញរូបថតផ្អែមល្ហែមក្នុងដំណើរកម្សាន្តរួមគ្នា ហើយពេលនេះពួកគេក៏បានបញ្ចេញរូបថតPre-Wedding ដ៏ស្រស់ស្អាត រហូតអ្នកគាំទ្រចង់ឃើញពួកគេចូលរោងការឆាប់ៗផងដែរ។ 

  សង្សាររបស់នាងមិនត្រឹមតែមានរូបរាងសង្ហាទេ សូម្បីតែមុខជំនួញក៏កំលោះសង្ហា ឈ្មោះខៀវ ពេជ្រ រូបនេះមាននៅក្នុងដៃដែរ ដែលគេដឹងថា លោកមានអាហារដ្ឋានមួយយីហោ Angkor Beach Bar នៅលើទឹកដីនៃខេត្តព្រះសីហនុផងដែរ ។ ប៉ុន្តែសម្រាប់ដំណឹងនៃការចូលរោងការវិញនោះតារាស្រីរូបនេះនៅមិនទាន់បង្ហើបឱ្យដឹងនៅឡើយទេ។ ប៉ុន្តែទោះបីយ៉ាងណា យើងសូមជូនពរឲ្យវីរៈ និច្ច និងគូដណ្តឹងមានក្តីសុខ សុភមង្គលក្នុងជីវិតគូតរៀងទៅ៕ 

                                      

ដោយ ៖ វឌ្ឍនា


ចែករំលែក៖