ភ្នំពេញ ៖ សូមជម្រាបជូនថា ,កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះឡោមព័ទ្ធអគារខុនដូដែលមានកំពស់ជាង១០ជាន់មួយកន្លែង ដោយបានឃាត់ខ្លួនជនជាតិចិន ប្រុសស្រី សរុបចំនួន១០៤នាក់ (ស្រី២១នាក់) ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។
ការចុះបង្ក្រាបទីតាំងខាងលើនេះ ក៏មានករណីចម្ងល់យ៉ាងខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ក្នុងនោះសូម្បីតែអាជ្ញាធរខណ្ឌក៏បានបញ្ជាក់ផងដែរថា , ការចុះមកបង្ក្រាបនេះគឺមានតែកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញប៉ុណ្ណោះ ដោយមិនមានការសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
ទីបំផុត ! តាមពិត ! ករណីអាវុធហត្ថចុះឃាត់ខ្លួនជនជាតិចិនចំនួន១០៤នាក់ នៅក្នុងអគារខុនដូរមួយកន្លែងនៅផ្សារដើមថ្កូវ ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ !
សូមបញ្ជាក់ថា, ប្រតិបត្តិការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហានេះ នៅចំណុចអគារខុនដូរទីតាំងលេខ៩៧ ផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ឱ្យដឹងថា , ដោយមានការសហការចូលរួមអំពីសំណាក់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះធ្វើការឡោមព័ទ្ធខុនដូដែលមានកំពស់ជាង១០ជាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥០៨ ខាងលើ ។
ក្នុងការចុះឡោមព័ទ្ធអគារខុនដូនេះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់ឃាត់ខ្លួនជនជាតិចិន ប្រុសមានស្រី សរុបទាំងអស់ចំនួន១០៤នាក់ ក្នុងនោះស្រីចំនួន២១នាក់ផងដែរ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនឈានទៅដល់ការចុះបង្ក្រាបជនជាតិចិនទាំង១០៤នាក់ នៅក្នុងអគារខុនដូមួយកន្លែងដែលមានកំពស់ជាង១០ជាន់ខាងលើ គឺធ្វើឡើងក្រោយពីមានការស្រាវជ្រាវរបស់កម្លាំងជំនាញយើងទើបឈានទៅដល់ការចុះបង្ក្រាបនាពេលនេះតែម្តង ។
ក្នុងការចុះបង្ក្រាបទីតាំងពាក់ព័ន្ធទៅ និងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះដែរ កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់បាននាំគ្នាធ្វើការឡោមព័ទ្ធជុំវិញទីតាំងអគារខុនដូរខាងលើដោយមានទាំងកម្លាំងម៉ូតូរថយន្តតូច ធំ ជាច្រើនគ្រឿងចុះមកធ្វើការយ៉ាងប្រុងប្រយ័ត្នបំផុត និងគ្មានការតបតដៃ ឬក៏ឈានទៅដល់ការផ្ទុះអាវុធអ្វីឡើយ ។
គួរបញ្ជាក់ថា៖ ក្នុងការចុះមកធ្វើការឡោមព័ទ្ធធុំវិញអគារខុនដូមួយកន្លែងខាងលើនេះ ដោយឃើញមានកម្លាំងកងរាជអាវុធហត្ថយ៉ាងច្រើនប្រដាប់ដោយអាវុធវែងខ្លី គ្រប់ដៃនោះក៏បានបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។
ក្រោយពីប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងតាមប្រពន្ធ័អនឡាញនៅអគារខុនដែលមានកំពស់ជាង១០ជាន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥០៨ខាងលើនេះ ក្រុមជនសង្ស័យជាជនជាតិចិន ប្រុសស្រីទាំង១០៤នាក់ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់ជាបន្តទៀត។
សូមរំលឹកថា, នៅក្នុងរាជធានីភ្នំពេញនេះ គឺមានខុនដូ មួយចំនួនកំពុងលួចបើកបនល្បែងតាមប្រព័ន្ធអនឡាញ ភាគច្រើនជាជនជាតិចិន បានប្រមូលផ្ដុំគ្នា មានអ្នកខ្លះក៏ចាញ់ងប់ងល់ មានអ្នកខ្លះទៀតក៏ប្រមូលក្រុមគ្នីគ្នាមកលែង។
ពួកក្រុមជនខិលខូចទាំងនេះ បានលួចបើកទីតាំងបនល្បែងស៊ីសង ដោយពួកគេយល់ឃើញថា , សមត្ថកិច្ចនិងអាជ្ញាធរទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាការពារកន្លែងធ្វើចត្តាឡីស័ក ទើបហ៊ានលួចបើក ហើយកន្លែងខ្លះទៀតក៏មានការឃុបឃិតគ្នាជាមួយនឹងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានផងដែរ៕
ដោយ៖ សិលា