ខេត្តព្រះសីហនុ៖ កម្លាំងអាជ្ញាធរ កំពុងស្រាវជ្រាវជួយរកមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ ជាជនជាតិ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួន បន្ទាប់ពីភ្លៀងជន់លិច ហើយអាជ្ញាធរខេត្តបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរកាលពីម្សិលមិញខណៈឃើញទឹកភ្លៀងមានចំនួនធ្លាក់ច្រើន ភ្លៀងយូរ ហើយលិចលង់។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រហែល១៧និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ មានដំណឹងពីប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចខេត្តព្រះសីហនុថា ស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ មានមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ និងជាជនជាតិបរទេស បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួនតែម្តង។
បន្ទាប់ពីទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានចេញបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងសហការជាមួយកម្លាំងទីបញ្ជាការស្រាល គណៈបញ្ជាការឯកភាពក្រុង និង ក្រុមការងារជួយសង្គ្រោះ ស្រាវជ្រាវរកជនរងគ្រោះនៅចំណុចកើតហេតុ។
ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ, អាជ្ញាធរបញ្ចេញកម្លាំងជួយសង្គ្រោះកន្លែងលិចលង់ និងអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។
គិតត្រឹមម៉ោង២០និង២០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ មានកម្ពស់រហូតដល់២៤៩មីល្លីម៉ែត្រ ដែលបណ្ដាលឲ្យតំបន់មួយចំនួនរងនូវការលិចលង់ចូលក្នុងផ្ទះសម្បែង។
ពេលកំពុងភ្លៀងលិចលង់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនកម្លាំងចំនួន ៣០ នាក់ ដើម្បីចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋរស់នៅតាមតំបន់ដែលកំពុងជន់លិចដោយទឹកភ្លៀង៕
ដោយ៖ សិលា