ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋឆេក តាមប្រព័ន្ធ Zoom មុនចេញដំណើរក្នុងពេលឆាប់ៗខាងមុខ !

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋឆេក តាមប្រព័ន្ធ Zoom មុនចេញដំណើរក្នុងពេលឆាប់ៗខាងមុខ។

មានមតិសំណេះដំណាលនាពេលនេះ លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរចំពោះជ័យលាភីដែលក្មួយៗទទួលបាន និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខិតខំតស៊ូរៀនសូត្រទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ដ៏មានតម្លៃដែលអាចនិយាយបានថាជាធនធានសម័យថ្មីប្រកបដោយសក្តានុពលសម្រាប់កសាង និងអភិវឌ្ឍប្រទេស សមស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាល។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកទាក់ទងនឹងការសិក្សារៀន សូត្រ បទពិសោធន៍ការងារ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ រហូតបានក្លាយជាថ្នាក់ដឹកនាំ ល្អម្នាក់ ស្ម័គ្រស្មោះបម្រើជាតិមាតុភូមិ និងប្រជាជនក្នុងការកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។ ដោយឡែក ចំពោះក្មួយៗនិស្សិតដែលនឹងត្រូវទៅបន្តការសិក្សាផ្នែកវិស័យកសិកម្ម លោកបានចែករំលែក និងផ្តល់មេរៀនល្អៗដែលមានតម្លៃសម្រាប់ក្មួយៗយកទៅពិចារណាទាក់ ទងអំពីសក្តានុពលវិស័យកសិកម្ម បញ្ហាប្រឈមដែលកម្ពុជាកំពុងប្រឈម ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលត្រូវកែលម្អ បច្ចេកវិទ្យាដែលត្រូវអភិវឌ្ឍ និងធនធានមនុស្សដែលត្រូវកសាងពេញ ដោយសមត្ថភាព។ ដើម្បីទទួលបានជោគជ័យតាមបំណងប្រាថ្នារបស់ក្មួយៗ និងជាពិសេសតាមមហិច្ឆតារបស់រាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្ស ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើក្មួយៗ ឲ្យយកឱកាសនេះខិតខំរៀនសូត្រ សិក្សាស្រាវជ្រាវលើមុខជំនាញរបស់ខ្លួន ចែករំលែងបទពិសោធន៍ទាំងចំណេះជំនាញ ចំណេះដឹងទូទៅ អក្សរសាស្រ្ត ប្រពៃណី វប្បធម៌របស់ប្រទេសគេ ដែលជាមូលដ្ឋានគ្រឹះនៃពុទ្ធិសម្រាប់កសាងសមត្ថភាពផ្ទាល់ខ្លួន។ល។ រួចនាំយកធាតុចូលដែលជាចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ថ្មីៗទាំងនោះមកមាតុភូមិវិញដើម្បីចូលរួមថែរក្សាការពារ កសាង និងអភិវឌ្ឍប្រទេសយើងនាពេលអនាគត។ ត្រូវមានវិន័យផ្ទាល់ខ្លួន គោរពវិន័យសាលា និងច្បាប់របស់ប្រទេសគេឲ្យបានខ្ជាប់ខ្ជួន ចៀសវាងប្រព្រឹត្តអំពើមិនគប្បីដែលនាំឲ្យប៉ះពាល់ដល់សុវត្តិភាពផ្ទាល់ ខ្លួន ការរៀនសូត្រ និងកិត្តិយសរបស់ជាតិ។ ថែរក្សាសុខភាព ជួយយកអាសាគ្នាទៅវិញទៅមក មានទំនាក់ទំនងគ្នាល្អ និងចែករំលែកព័ត៌មានឲ្យបានជាប់ជាប្រចាំ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានរំលឹកក្មួយៗឲ្យចងចាំជានិច្ចនូវគុណូបការ:ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីដឹក នាំប្រទេសឆ្ពោះមកកាន់សន្តិភាព និងការអភិវឌ្ឍ ដូចដែលក្មួយៗមាននាពេលបច្ចុប្បន្ន ហើយពិតណាស់ចំណេះដឹង និងបទពិសោធន៍ដែលក្មួយៗបានប្រមូល និងយកត្រឡប់មកមាតុប្រទេសវិញក្រោយបញ្ចប់ការសិក្សាវានឹងចូលរួមកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនទាំងសេដ្ឋ កិច្ច និងសង្គមឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង ២០៥០។សូមអនុញ្ញាតជម្រាបជូនថា សម្រាប់ឆ្នាំ២០២១-២០២២ មាននិស្សិតចំនួន ១៣នាក់ ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក ធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សាថ្នាក់ អនុបណ្ឌិត និងបណ្ឌិតទៅតាមមុខជំនាញ និងសាកលវិទ្យាល័យផ្សេងៗនៅសាធាណ:រដ្ឋឆេក ហើយពួកគេ នឹងចេញដំណើរក្នុងខែកញ្ញាខាងមុខនេះ៕

ដោយ៖ សិលា


ចែករំលែក៖