ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សាររំលែកទុក្ខ ផ្ញើជូន លោកស្រី ហ្សៃណុប យូសុហ្វ ហ្សាការីយ៉ា អាដាម និងក្រុមគ្រួសារ។
ខ្ញុំនិងភរិយា មានក្តីក្តុកក្តួលនិងការសោកស្តាយឥតឧបមាដោយបានទទួលដំណឹងថា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣៖៥០ ទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
ការបាត់បង់លោក ហ្សាការីយ៉ា អាដាម គឺជាការបាត់បង់នូវមន្ត្រីដ៏ជំនាញមួយរូបរបស់រាជរដ្ឋាភិបាល ហើយក៏ជាការបាត់បង់នូវស្វាមីនិងបិតាប្រកបដោយព្រហ្មវិហារធម៌ ហើយជាពិសេសទៅទៀតគឺជាការបាត់បង់សមាជិកដ៏សំខាន់មួយរូបនៃគ្រួសារខ្មែរឥស្លាមទាំងមូល។
ខ្ញុំនឹងភរិយាសូមឧទ្ទិសបួងសួងដល់ព្រះ អល់ឡោះ សូមតាមថែរក្សាដួងវិញ្ញាណក្ខន្ធលោក ហ្សាការីយ៉ា អាដាម និងសូមឲ្យកុសលផលបុណ្យរបស់លោក ក្លាយជាជំនិះក្នុងការជូនដំណើរ វិញ្ញាណក្ខន្ធឯកឧត្តមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកស្រី និងក្រុមគ្រួសារនៃសព ទទួលនូវក្តីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។
ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ៕
ដោយ៖សុខ ខេមរា