ភ្នំពេញ៖ នៅទីបញ្ជាការដ្ឋានអង្គភាពសុីម៉ាក់រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ២០២១នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ “ខ្ញុំនិងថ្នាក់ដឹកនាំ បានទទួលផ្លែមៀនចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧត្តមសេនីយ៍ឯក ប្រាជ្ញ សុផល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ដើម្បីដឹកចែកជូនដល់ទីបញ្ជាការដ្ឋាន អង្គភាពសុីម៉ាក់ភ្នំពេញ ដេីម្បីចែកជូនបងប្អូនមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់ទាំងអស់”។
នៅក្នុងសំណេររបស់លោក ហេង រតនា បានបញ្ជាក់ទៀតថា វិធានការរបស់សម្តេចតេជោក្នុងការប្រមូលទិញផ្លែមៀនជាច្រើនតោនពីប្រជាកសិករនេះ ម្យ៉ាងជួយដល់ប្រជាកសិករចំការដេីមមានក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលជួបបញ្ហាទីផ្សារ ហើយម្យ៉ាងទៀត ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យជួរមុខ និង ប្រជាពលរដ្ឋដែលកំពង់ធ្វើចត្តាឡីស័ក និង អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តនានា បានបរិភោគផងនិងជាការលេីកកំពស់ទីផ្សារក្នុងស្រុកផងដែរ។
បន្ថែមពីនេះ លោកអគ្គនាយកស៉ីម៉ាក់ បានគូសបញ្ជាក់ទៀតថា កាលពីសម័យសង្គ្រាមខ្វះស្បៀងអាហារផល្លានុផលដេីម្បីបរិភោគ មកដល់សម័យសន្តិភាពប្រទេសជាតិមានការរីកចំរេីននិងជាពិសេសក្នុងស្ថានភាពពិភពលោកប្រឈមមុខជម្ងឺកូវីដនេះផងនោះ ស្បៀងអាហារផល្លានុផលខែ្មរប្រឈមខ្វះទីផ្សារវិញម្តង!! ៕
ដោយ៖សហការី