ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការយោធភូមិភាគទី៥​ កម្ពុជា​ និងមេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ជួបប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (VTC)

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ប្រធានភាគីកម្ពុជា និងមន្ត្រីរាជការ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សា ជាមួយប្រធានភាគីថៃ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ចាក់រ៉ើនឆ័យ ហ៉ិនថៅ មេបញ្ជាការកងទ័ពភូមិភាគទី១ និងមន្ត្រីរាជការ ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ ជាមួយកងទ័ពភូមិភាគទី១ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (VTC) ។

ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៥១ ៥៣ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បន្ទាយមានជ័យ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៥០៣ និង៥០៤។ 

ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការ រវាងយោធភូមិភាគទី៥ ជាមួយកងទ័ពភូមិភាគទី១ នាព្រឹកនេះគឺបានឯកភាពគ្នាលើបញ្ហាចំនួន ៤ខ្លឹមសារ៖

-ខ្លឹមសារទី១ ការការពារ និងទប់ស្កាត់ពលករឆ្លងដែន និងការរៀបចំការងារសម្រាប់ពលករ។ 

-ខ្លឹមសារទី២ បញ្ហាគ្រឿងញៀន។ 

-ខ្លឹមសារទី៣ បញ្ហាផ្ទុះជំងឺក្នុងស្ថានការណ៍បច្ចុប្បន្ន ។ 

-ខ្លឹមសារទី៤ បញ្ហាល្បែងភ្នាល់តាមអនឡាញ។ 

គួរបញ្ជាក់ថា​ ក្នុងកិច្ចប្រជុំនេះដែរ​ ភាគីទាំងពីរ​ក៏បានឯកភាពឱ្យខេត្តបន្ទាយមានជ័យ ជួយព្យាបាលជំងឺកូវីដ-១៩ ជូនជនជាតិថៃ ដែលរស់នៅខេត្តបន្ទាយមានជ័យ ដូចគ្នានឹងជនជាតិកម្ពុជាផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖