ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាច់សោ.កម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាច់សោ.កម៉ូតូកាលពីម៉ោង១២និង៣០នាទីរសៀល​ថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២១​ នៅចំណុចផ្លូវបេតុង​ក្រុមទី​៧ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ​។ 

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនរងគ្រោះ​ជាម្ចាស់ម៉ូតូឈ្មោះ​នឿន រដ្ឋឆានៈ ភេទប្រុស​ អាយុ២០ឆ្នាំ មុខរបរនិសិ្សត ​មានទីលំនៅ​ផ្ទះជួលក្នុងក្រុម៧  ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ចំណែកជនសង្ស័យឈ្មោះ​ឡុង សិលា ហៅវីត ភេទប្រុស​ អាយុ​២១ឆ្នាំ ​មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ផ្ទះជួលក្នុងភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ (មានសារធាតុញៀន​) អវិជ្ជមានកូវីដ-១៩ ។

ចំពោះសម្ភារដក​ហូតមាន៖

១-ដែកសំប៉ែតចុងស្រួចចំនួន០១  

២-សោខ្សៀលេខ៨ចំនួន០១

៣-ម៉ូតូ០១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ(ស៊េរីឆ្នាំ២០១៧) ពាក់ស្លាកលេខភ្នំពេញ1GM-1154 (របស់ជនរងគ្រោះ ) ។ 

លោកអធិការខណ្ឌឫស្សីកែវ បានឱ្យដឹងទៀតថា​ នៅថ្ងៃ ខែ ឆ្នាំ​ខាងលើជនរងគ្រោះ​បានទុកម៉ូតូនៅក្បែរបន្ទប់ជួលត្រង់ចំណុចកេីតហេតុខាងលេី​រួចក៏ចូលសម្រាកក្នុងផ្ទះ ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់បានដេីរមកដល់ចំណុចកេីតហេតុឃេីញម៉ូតូជនរងគ្រោះចតទុកនៅមុខបន្ទប់ជួល ហើយស្ងាត់ពុំមានមនុស្សក៏ធ្វេីសកម្មភាពលួចយក ដោយប្រើដែកសំប៉ែតចុងស្រួចកាច់បំបែកសោកុងតាក់ម៉ូតូបានហើយ ក៏ត្រូវម្ចាស់ផ្ទះជួលឃើញស្រែកថាចោរៗ ឮដល់កម្លាំងល្បាតក៏ធ្វើអន្តរាគមន៍ដេញចាប់រហូតឃាត់ខ្លួនជនសង្ស័យបាននាំយកមកប៉ុស្តិ៍ទួលសងែ្ក១ដើម្បីអនុវត្តតាមនីតិវិធី ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖