ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ ក្រោយពីអ្នកនាង សារីណា បានប្រកាសអំពីការលែងលះគ្នាជាមួយស្វាមី ដែលគេស្គាល់ថាជាតារាសម្តែង លោក ស៊ុក សុភា ។ ចំណងស្នេហ៍រវាងអ្នកសិល្បៈដូចគ្នាដែលសព្វថ្ងៃកំពុងរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីមានអាយុកាលជិត១ទសវត្សរ៍នេះ បានដើរដល់ផ្លូវទាល់ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន៥នាក់។ ដំណឹងនេះបានធ្វើឲ្យទស្សនិកជនមិនចង់ជឿនោះទេ ព្រោះតែកន្លងទៅអ្នកទាំងពីរបានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងខ្លាំងស្មើដៃគ្នានោះ។ មានការបញ្ចេញយោបល់ជាហូរហែលើសំណេររបស់អ្នកនាងសារីណាដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់អ្នកនាងថា សូមជូនដំណឹងដល់បងប្អូនទាំងអស់គ្នាឱ្យបានដឹងថា៖ ខ្ញុំ និងស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធិរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធិរបស់ខ្ញុំ។មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!។ សារនេះធ្វើឲ្យអ្នករាប់អានជិតដិតនាង ពិសេសក្រុមសិល្បករសិល្បការិនីជាច្រើនមានការស្រឡាំងកាំង ហើយក៏បានផ្ញើសារសាកសួរសុខទុក្ខ និងស្នើឲ្យពួកគេវិលទៅជួបជុំគ្នាវិញផងដែរ ។ ចំណងស្នេហ៍ស្អិតរមួតច្រើនឆ្នាំមកនេះត្រូវដើរផ្លូវផ្សេងគ្នាដោយបន្សល់នូវតំណក់ឈាម៥នាក់ គឺកូនប្រុស៤នាក់ និងកូនស្រីម្នាក់។ តាមការអះអាងរបស់អ្នកអ្នកនាង សារីណាបានលើកឡើងថា មូលហេតុនៃការបែកបាក់គ្នានេះ គឺដោយសារតែមានរឿងគ្រួសារចូលមកឡូកឡំ។ ប៉ុន្តែនាងមិនបានអធិប្បាយលម្អិតថា តើសាច់រឿងយ៉ាងណានោះទេ គ្រាន់តែថារយៈកាលកន្លងមក គឺអ្នកនាងជាអ្នកទ្រាំតែម្នាក់ឯង ធ្វើអី្វក៏ខុស គឺខុសរហូត។ ដូច្នេះដល់ពេលវេលាហើយ ដែលនាងត្រូវសម្រេចចិត្តឈប់ទ្រាំចំពោះរឿងទាំងនោះទៀត។
ទោះជាយ៉ាងណាលោក ស៊ុក សុភាជាស្វាមីនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ដែលសូម្បីតែនៅលើបណ្តាញសង្គមផ្ទាល់របស់តួឯករឿងទុំទាវរូបនេះក៏មិនបានបញ្ជាក់សារណាមួយជុំវិញរឿងបែកបាក់គ្រួសារនេះដែរ គឺមានតែការលើកឡើងពីរឿងធម៌អាថ៌ និងការរក្សាចិត្តឲ្យស្ងប់តែប៉ុណ្ណោះ។
ភរិយាលោកស៊ុក សុភា បានបញ្ជាក់ដោយបានសរសេររៀបរាប់ក្នុង Comment ថាអ្នកនាងមិនយករឿងបែបនេះមកលេងសើចទេ វាមិនមែនសម្ដែងឡើយ វាជាការណ៍ពិត ហើយមូលហេតុនៃការលែងលះគ្នានេះគឺកើតឡើងពីភាគីលោក សុភា ដែលជាស្វាមីយកគ្រួសារមកពាក់ព័ន្ធ ពោលគឺបែងចែកមិនត្រូវរវាងគ្រួសារផ្ទាល់ខ្លួន នឹងប្រពន្ធកូន។អ្នកនាងថា ”សុំបកស្រាយថា ដែលយើងលែងគ្នាមិនមែនមកពីរឿងកំហុសដែលយើងធ្វើ ខុសនោះទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល”។អ្នកនាងបន្តថាអតីតស្វាមីបានបង្ហាញនូវទង្វើជាច្រើនដែលបង្ហាញថា ក្រុមគ្រួសារភាគីស្វាមី ធ្វើអ្វីក៏មិនចេះខុស ចំណែកភាគីភរិយាធ្វើអ្វីក៏មិនត្រូវចិត្តឡើយ សរុបជារួមគឺខុសរហូត។ អ្នកនាងសង្កត់ធ្ងន់ថា ក្នុងនាមជាភរិយាមិនដែលឱ្យស្វាមីទៅស្អប់គ្រួសារគេទេ តែសុំឱ្យចេះបែងចែករវាងក្ដីស្រលាញ់គ្រួសារ និងប្រពន្ធកូនឱ្យបានច្បាស់លាស់ប៉ុណ្ណោះ៕
ដោយ ៖ វឌ្ឍនា