យន្តហោះយោធាមួយគ្រឿងរបស់ប្រទេសអុីតាលីប្រភេទ C-130J Super Hercules បានដឹកពលរដ្ឋចេញពីទីក្រុងកាប៊ុល ក៏រងការបាញ់ប្រហារពេលទើបហោះហើរចាកចេញពីអាកាសយានដ្ឋាន Hamid Karzai ។
អ្នកសារព័ត៌មាន Sky TG 2 របស់អុីតាលីដែលមានវត្តមាននៅលើយន្តហោះបានឲ្យដឹងថា ការផ្ទុះអាវុធបាញ់ប្រហារកើតឡើងក្នុងពេលយន្តហោះចាប់ផ្តើមហោះហើរ។អាកាសយានិកបានបញ្ជាយន្តហោះ C-130J Super Hercules គេចចេញពីទីនោះយ៉ាងឆាប់រហ័ស ។ ក្នុងពេលរងការបាញ់ប្រហារ នៅលើយន្តហោះមានជនជាតិអាហ្វហ្គានីស្ថាន ៩៨នាក់។ ក្នុងពេលជាមួយគ្នានោះដែរមានការវាយប្រហារគ្រាប់បែកអត្តឃាតនៅខាងក្រៅអាកាសយានដ្ឋានកាប៊ុល និងផ្ទុះកាំភ្លើងបាញ់ប្រហារ ក្នុងពេល បណ្តាប្រទេសកំពុងតែជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន។ កាលពីព្រឹកថ្ងៃទី ២៦ខែសីហា អាមេរិកបានព្រមានថាអាចនឹងមានការវាយប្រហារនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយស្នើដល់ពលរដ្ឋកុំទៅកាន់អាកាសយានដ្ឋាន ឬក៏ចាកចេញពីអាកាសយានដ្ឋានជាបន្ទាន់។
សកម្មភាពវាយប្រហារនៅខាងក្រៅអាកាសយានដ្ឋាន ត្រូវបានគេសន្និដ្ឋានថាជាសកម្មភាពវាយប្រហាររបស់ក្រុមភេរវកម្ម រដ្ឋអ៊ិស្លាម(IS)ដែលបន្លំខ្លួនក្នុងពេលប្រទេសអាហ្វហ្គានីស្ថានកំពុងមានភាពចលាចល៕ ដោយ៖ធីរីណា
រូបភាព៖ Reuters