ចំណោះដឹងទូទៅ៖ សុភាពបុរសយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នសម្តីរបស់ខ្លួនខ្លះនៅពេលដែលខ្លួនយេីងគិតមិនដល់ហេីយនិយាយចេញពីមាត់ អាចធ្វើឱ្យមនុស្សដែលស្រឡាញ់ខ្លាំងប៉ុណ្ណា ក៏គេអាចដើរចេញដែរ។ ជាក់ស្ដែងបើអ្នកតែងតែឮសម្ដីទាំង ៤ នេះចេញពីមាត់របស់គេ ឬគ្រាន់តែសកម្មភាព គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេគ្មានតម្លៃ និងមិនគួរឲ្យទុកចិត្តឡើយ ដូច្នេះហើយអ្នកត្រូវតែនៅឲ្យឆ្ងាយ ឬដើរចេញតែម្តង។
១) កុំជ្រៀតជ្រែករឿងរបស់ខ្ញុំ៖ ប្រសិនបើគេពិតជាស្រលាញ់អ្នកមែន គេប្រាកដជាមានគោលដៅតែមួយគត់ គឺកសាងផ្ទះមួយសម្រាប់មនុស្សពីរនាក់។ ហេតុដូច្នេះហើយ ការចែករំលែករាល់ភាពសប្បាយ និងទុក្ខសោកជាមួយមនុស្សស្រីដែលខ្លួនស្រលាញ់ ក៏ជាសុភមង្គលមួយដែរ។
ផ្ទុយទៅវិញ ប្រសិនបើគ្រប់ពេលគេតែងនិយាយពាក្យថា “កុំចេះដឹងរឿងរបស់ខ្ញុំ” នោះវាបង្ហាញថា គេមិនឲ្យតម្លៃលើវត្តមានអ្នកឡើយ។ ដូច្នេះហើយការបន្តនៅរបស់អ្នកនឹងកាន់តែធ្វើឲ្យគេធុញទ្រាន់។ អ្នកត្រូវចេះប្រើចិត្ត និងគំនិតរបស់អ្នកដើម្បីវាយតម្លៃថាតើសេចក្តីស្រលាញ់របស់គេចំពោះអ្នកពិតប្រាកដ ឬយ៉ាងណា? តើអ្នកគួរតែបន្តដើរផ្លូវជាមួយគ្នាទៀតឬយ៉ាងណា?
២) តែងតែកុហក៖ បុរសដែលកុហកអ្នក នឹងកុហកអ្នកម្តងហើយម្តងទៀត។ គេនឹងបន្តកុហក ហើយមិនឈប់នោះទេ។ ដំបូងវាជារឿងតូចតាច ប៉ុន្តែយូរៗទៅវានឹងកាន់តែធំជាងមុន។ ប្រសិនបើអ្នកដឹងថាគេកំពុងតែនិយាយកុហក ប៉ុន្តែអ្នកនៅតែធ្វើពុតជាជឿ និងស៊ូទ្រាំ នោះភាពគ្មានកំហុសរបស់អ្នកនឹងធ្វើឲ្យគេនិយាយកុហកអ្នកជានិច្ច។
នៅទីបញ្ចប់ គឺអ្នកទេដែលត្រូវរងគ្រោះ និងគួរឲ្យអាណិតបំផុត។ ក្រោយមកទៀត ការនិយាយកុហកនឹងក្លាយជារឿងធម្មតារបស់គេ ព្រោះគេបានដឹងច្បាស់ថា វាពិបាកយ៉ាងណាក្នុងការនិយាយប្រាប់ការពិតឲ្យអ្នកដឹង។
៣) ចេញឲ្យឆ្ងាយពីខ្ញុំ៖ នៅពេលដែលមនុស្សប្រុសនិយាយបែបនេះទៅកាន់មនុស្សស្រីដែលគេធ្លាប់ស្រលាញ់ និងនៅជាមួយ វាបង្ហាញថាអារម្មណ៍របស់គេចំពោះនាងលែងមានសភាពដូចមុនទៀតហើយ។ និយាយឲ្យចំទៅគឺគេបានផ្លាស់ប្តូរហើយ។
នៅពេលដែលស្រលាញ់គ្នាពិតប្រាកដ អ្វីដែលមនុស្សប្រុសចង់បានបំផុតគឺនៅជាមួយអ្នក។ មិនថាគេចំណាយពេលជាមួយអ្នកប៉ុន្មានម៉ោងទេ គឺវាមិនគ្រប់គ្រាន់ឡើយ។ មិនតែប៉ុណ្ណោះ គេក៏សង្ឃឹមថាគេអាចបញ្ឈប់ពេលវេលាបាន ដើម្បីបាននៅជាមួយអ្នករហូតដែរ។ ផ្ទុយទៅវិញ នៅពេលដែលគេប្រាប់ឲ្យអ្នកនៅឲ្យឆ្ងាយពីគេ នោះមានន័យថា គេធុញទ្រាន់នឹងអ្នកហើយ។
៤) សុំលុយអ្នក៖ មនុស្សប្រុសមួយចំនួន តែងតែពឹងផ្អែកលើការពិតដែលថា មិត្តស្រីរបស់គេស្រលាញ់គេខ្លាំង ដូច្នេះហើយតែងតែត្អួញត្អែររឿងលុយកាក់ ដើម្បីឲ្យនាងអាណិត ហើយសុំលុយនាងចាយ។ គេនឹងតែងតែនិយាយពីរឿងលុយកាក់ ដើម្បីឲ្យអ្នកអាណិត ហើយផ្គត់ផ្គង់ឲ្យគេ។ មនុស្សប្រុសដែលតែងតែសុំលុយអ្នកចាយ គឺពិតជាអាក្រក់ណាស់ ហើយក៏មិនគួរឲ្យទុកចិត្តដែរ៕
ដោយ៖សហការី(រូបភាព៖ឯកសារ)