ភ្នំពេញ៖ រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីការពារអាយុជីវិត ប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាននូវភាពសុំាសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅ បើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លង ប្រក្រតីភាពថ្មី។ គិតមកទល់ពេលនេះ, ព្រះរាជាណាចក្រកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជន ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានប្រមាណ ៨៩% ធៀបនឹងគោលដៅប្រមាណ ១២ លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ “គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ” ជូនប្រជាជន ដើម្បីធានាឱ្យបាននូវ “ភាពសុំាសហគមន៍ រឹងមាំពិតប្រាកដមួយ” សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀម លក្ខណៈសម្រាប់ការឈានឆ្ពោះទៅកាន់ផែនការបើកដំណើរការប្រទេសពេញឡើងវិញលើគ្រប់វិស័យ និងការ រស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
លើមូលដ្ឋាននៃវឌ្ឍនភាពដ៏ល្អប្រសើរខាងលើនេះ និងក្នុងគោលបំណងបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ឱ្យបានឆាប់រហ័ស និងអាចឈានទៅបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដុំទី១ នាពេលដ៏ខ្លីខាង មុខនេះ, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ឱ្យយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តការងារមួយចំនួនបន្ថែមទៀត ដូចខាងក្រោម៖
១-គណៈអភិបាលរាជធានី-ខេត្ត ត្រូវប្រមូលផ្ដុំការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងលើការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយចាត់ទុកជាការងារស្នូលអាទិភាពខ្ពស់បំផុតរបស់ខ្លួន ជាពិសេស ត្រូវសម្រេចឱ្យបានឆាប់រហ័សនូវការចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងមូលដ្ឋានក្រោមសមត្ថកិច្ច របស់ខ្លួន ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹង ជំងឺកូវីដ-១៩។ ទន្ទឹមនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវរាយការណ៍ប្រចាំថ្ងៃ និងជាប់ជាប្រចាំអំពីវឌ្ឍនភាព នៃការគ្រប់គ្រង និងការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងមូលដ្ឋានក្រោមសមត្ថកិច្ចរបស់ខ្លួន ជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ដើម្បីជាមូលដ្ឋានក្នុងការតាមដាន និងត្រួតពិនិត្យការងារចាក់វ៉ាក់សាំង ដោយប្រើប្រាស់គំរូតារាងព័ត៌មាន ដែលត្រូវបានរៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
២-គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវពង្រឹងយន្តការ តាមដាន និងត្រួតពិនិត្យរបស់ខ្លួនលើវឌ្ឍនភាពនៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃ ទាំងសម្រាប់ ក្របខណ្ឌរាជធានី-ខេត្តនីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវ ពង្រឹងយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាជនជាក់ស្ដែងនៅតាមមូលដ្ឋាន ជាពិសេស ការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹង ស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំង ជូនដល់បណ្តារាជធានី-ខេត្ត ដើម្បីចាក់ជូនប្រជាជនដោយផ្អែកតាមតម្រូវការជាក់ស្ដែងក្នុងភូមិសាស្ត្រនីមួយៗ និងតាមអភិក្រម “មិនអនុញ្ញាតឱ្យមានវ៉ាក់សាំងដេកក្នុងឃ្លាំង ក្នុងពេលដែលប្រជាជនត្រូវការវ៉ាក់សាំងនោះទេ”។
៣-គណៈអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំធ្វើបច្ចុប្បន្នកម្មឡើងវិញឱ្យបានច្បាស់លាស់ និងឆាប់រហ័ស អំពីចំនួនប្រជាជនជាក់ស្តែងនៅមូលដ្ឋានដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស នៅកម្រិតថ្នាក់ឃុំ-សង្កាត់ និងញែកចេញចំនួនប្រជាជនចំណាកស្រុក ដែលអាចទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីកន្លែងផ្សេង ដើម្បី មានមូលដ្ឋានច្បាស់លាស់ ក្នុងការកែសម្រួលផែនការចាក់វ៉ាក់សាំងដោយផ្អែកតាមចំនួនប្រជាជនជាក់ស្តែង នៅក្នុងមូលដ្ឋាន ក៏ដូចជាឈានទៅសម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមូលដ្ឋាននោះ។ ប៉ុន្តែ មុននឹងសម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅមូលដ្ឋាននីមួយៗ និងចល័តទៅកាន់ទីកន្លែង ផ្សេងទៀត, ក្រុមការងារយុទ្ធនាការចាក់វ៉ាក់សាំងនៅតាមមូលដ្ឋាននីមួយៗ ត្រូវធ្វើការជូនដំណឹងជាសាធារណៈ អំពីការត្រៀមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី សម្រេចបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនៅទីតាំងមូលដ្ឋាននោះ។ ទន្ទឹមនេះ បន្ទាប់ពីការបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋាននីមួយៗ និងដើម្បីធានាដល់ការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ឱ្យបានគ្រប់គ្នាជូនដល់ប្រជាជនដែលមានលក្ខណៈសម្បត្តិ អាចចាក់វ៉ាក់សាំងបាន, គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង គណៈអភិបាលរាជធានី-ខេត្ត ត្រូវសហការគ្នាកំណត់អំពីទីតាំងសម្រាប់ការផ្តល់សេវាចាក់វ៉ាក់សាំងជូនដល់ ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាព (ផ្អែកតាម ស្ថានភាពនៃភូមិសាស្ត្រជាក់ស្ដែងនីមួយៗ) និងត្រូវជូនដំណឹងជាសាធារណៈ ដើម្បីអនុញ្ញាតឱ្យប្រជាជន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង អាចទៅទទួលការចាក់វ៉ាក់សាំងនេះបាននៅតាមទីតាំងកំណត់នោះ។
៤-សម្រាប់ក្របខណ្ឌទូទាំងប្រទេស, ផ្អែកលើមូលដ្ឋាននៃវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងលើចំនួន ជាក់ស្តែងនៃប្រជាជននៅមូលដ្ឋាន និងលទ្ធផលនៃការធ្វើបច្ចុប្បន្នកម្មចំនួនប្រជាជននៅតាមបណ្តារាជធានី ខេត្ត, គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវធ្វើការបូកសរុប និង វាយតម្លៃ ដើម្បីស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល ក្នុងការបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង កូវីដ-១៩ ជុំទី១ តាមរាជធានី-ខេត្តនីមួយៗជាបន្តបន្ទាប់រហូតដល់ការបិទបញ្ចប់យុទ្ធនាការនេះក្នុងក្របខណ្ឌ ទូទាំងប្រទេស ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលធ្វើការសម្រេចចិត្តក្នុងការអនុវត្តផែនការនានាក្នុងជំហានបន្តបន្ទាប់ទៀត។ បន្ថែមពីនេះ បន្ទាប់ពីការសម្រេចបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង កូវីដ-១៩ ជុំទី១, គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយសហការ ជាមួយគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តរៀបចំឱ្យមានទីតាំងសម្រាប់ការផ្តល់សេវាចាក់វ៉ាក់សាំងជូនដល់ ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាព ឬតាម ទីតាំងផ្សេងទៀត (ផ្អែកតាមស្ថានភាពនៃភូមិសាស្ត្រជាក់ស្ដែងនីមួយៗ) និងត្រូវជូនដំណឹងជាសាធារណៈ ដើម្បីអនុញ្ញាតឱ្យប្រជាជនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ដោយមូលហេតុផ្សេងៗ អាចទៅទទួល ការចាក់វ៉ាក់សាំងនេះបាន។
ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាល រាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និង ដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សុខ ខេមរា