ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ឆ្លៀតណាស់! ខិតខំណាស់! តស៊ូណាស់អារឿងខុសច្បាប់លួចឆាប់ធ្វើមានហ្មង! គឺលួចទូដែកជាង១០ម៉ឺនដុល្លារ! ត្រូវនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាលបើកការស្រាវជ្រាវចាប់បាន”។
ជាក់ស្ដែងយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានការស្រាវជ្រាវបង្ក្រាបករណី អំពើចោរកម្ម (លួចទូដែក) មួយករណីកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។
របាយការណ៍ដដែល បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានបុរសជនជាតិចិនម្នាក់បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី ទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ8720 នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូដែក ០១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូដែកនោះមានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិការដៃ០១គ្រឿង ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សហការី