អ្នកសារព័ត៌មានស្ត្រីទីមួយគឺនាង Beheshta Arghan បានបង្កើតប្រវត្តិសាស្ត្រនៅអាហ្វហ្គានីស្ថាននិងនៅក្នុងអាជីពរបស់ខ្លួនក្លាយជាស្ត្រីទីមួយដែលបានសម្ភាសផ្ទាល់ជាមួយមេដឹកនាំក្រុមតាលីបង់។ ប៉ុន្តែពេលនេះនាងបានសម្រេចចិត្តចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយដើម្បីសុវត្ថិភាព។
នាងBeheshta Arghan ជាអ្នកសារព័ត៌មានរបស់បណ្តាញទូរទស្សន៍ Tolo News មានទីតាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានធ្វើបទសម្ភាសន៍ផ្ទាល់មុខជាមួយមេដឹកនាំជាន់ខ្ពស់ក្រុមតាលីបង់នៅថ្ងៃទី១៧ខែសីហា គឺក្រោយពេលពីរថ្ងៃដែលក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។ ពីរថ្ងៃក្រោយមកនាងក៏បានសម្ភាសនាង Malala Yousafzai ជាសកម្មជនសង្គមដែលបានរួចផុតពីសេចក្តីស្លាប់ ដោយការធ្វើឃាតពីក្រុមតាលីបង់ ។
អ្វីដែលនាងBeheshta Arghan បានធ្វើត្រូវបានគេវាយតម្លៃថា ជាជោគជ័យយ៉ាងធំធេងក្នុងអាជីពជាអ្នកសារព័ត៌មានរបស់នាង ដែលមានភាពល្បីល្បាញនៅលើពិភពលោក។ ប៉ុន្តែការងាររបស់នាងត្រូវបានផ្អាកវិញ ទើបធ្វើឲ្យនាងសម្រេចចាកចេញពីអាហ្វហ្គានីស្ថានដោយមូលហេតុសុវត្ថិភាព។
នាង Beheshta Arghanបាននិយាយទៅកាន់សារព័ត៌មានCNN ពីស្ថានភាពរស់នៅរបស់នាង ក្នុងរយៈពេល២សប្តាហ៍ដែលបានរស់នៅក្រមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ហើយពេលនេះនាងក៏បានសម្រេចចាកចេញពីស្រុកកំណើតដូចជាពលរដ្ឋអាហ្វហ្គានីស្ថានផ្សេងទៀតដោយខ្លាចក្រុមតាលីបង់៕ដោយ៖ធីរីណា
រូបថត៖Tolo News