ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ឡិចស៊ីស បើកបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅក្រោមដំណក់ទឹកភ្លៀងបន្ទាប់ពីជិះម៉ូតូសុខៗស្រាប់តែរថយន្ត ឡិចស៊ីសមួយគ្រឿងមកបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង ១០និង១៥ នាទីយប់ថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១ នៅចំណុចមុខ សាលាអន្តរជាតិប៊ែលធី តាមបណ្ដោយផ្លូវ ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ហេីយរថយន្តបង្កបានបេីកគេចបាត់។ 

សពជនរងគ្រោះមានឈ្មោះ មុឹង សុគុន ភេទប្រុសអាយុ៣៣ ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិវ៉ារិន្ទទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IE-6490 ធ្វើដំណើរតាមបណ្តោយផ្លូវ ២០២១ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស មិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។ភ្លាមនោះរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖