ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កោះកុង​ចាត់ឱ្យ​ក្រុមប្រតិបត្តិសាខាខេត្តនាំយកថវិកាមនុស្សធម៌ មួយចំនួន ផ្តល់ជូនដល់ស្រ្តីម្នាក់សម្រាលកូនភ្លោះ៣នាក់ (ប្រុស២នាក់, ស្រី១នាក់)

ចែករំលែក៖

ខេត្តកោះកុង៖ លោកស្រី​ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅព្រឹក​ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២១នេះ​ បានចាត់ឱ្យ​ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមគ្រូពទ្យនៃមន្ទីរពេទ្យខេត្តកោះកុង នាំយកថវិកាមនុស្សធម៌ មួយចំនួន ផ្តល់ជូនដល់ស្រ្តី ឈ្មោះ ផល បូផា អាយុ៣៧ឆ្នាំ រស់នៅភូមិ១ ឃុំពាមក្រសោប  ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលត្រូវបានសម្រាលកូនដោយក្រុមគ្រូពេទ្យ ផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយសម្រាលបានកូនភ្លោះ៣នាក់ (ប្រុស២នាក់, ស្រី១នាក់)។

 នាឱកាសនោះ ក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកស្រី​ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពិសេសស្ត្រីទើបសម្រាលកំពុងជួបការលំបាកដូចនេះ។

ក្រុមការងារក៏បានផ្តាំផ្ញើដល់បងស្រី ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត  រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល 

“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង ” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖ លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ 

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩។

ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម  ជំងឺផ្តាសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

ដោយ​៖សហការី​


ចែករំលែក៖