ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈបុរសម្នាក់បានបើករថយន្ត តូយ៉ូតាព្រូស មួយគ្រឿងនាំគ្រួសារទៅលេងស្រុកកំណេីត តែបានគេចពីរថយន្តធុនធំបេីកជែងគ្នាក៏រេចង្កូតធ្លាក់ចូលប្រឡាយ សំណាងដែរមិនដល់ទឹកលិចរថយន្តនិងមិនមានអ្នកណាម្នាក់រងរបួសឡេីយ ។
ក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង ១៥នាទីព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ។
តាមសម្ដីពីអ្នកបើកបររថយន្តបង្កហេតុបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនោះ រូបគាត់រួមនិងក្រុមគ្រួសារបានបើករថយន្តម៉ាក ព្រូស ពណ៌សចេញពីផ្ទះនៅរាជធានីភ្នំពេញ បំណងទៅលេងស្រុកកំណើតនៅខេត្ត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តធុនធំមិនចាំម៉ាកបានបើកវ៉ាជែងជាមួយរថយន្តផ្សេងទៀតធ្វើឲ្យរូបគាត់គេចពីរថយន្តធុនធំនោះក៏រេចង្កូតធ្លាក់ប្រឡាយប៉ិះចូលក្នុងទឹក ដោយមិនមានអ្នកណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ដោយគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន បានចុះទៅដល់កន្លែងកើតហេតុនិងត្រួតពិនិត្យទៅលើរថយន្ត ដោយឃើញថារថយន្តខាងលេីនេះមិនបានបង្កការខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋហើយក៏មិនមានអ្នកណារងរបួស ទេីបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចដើម្បីមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕
ដោយ ៖ ភារ៉ា ដង្កោ