ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល១៣ថ្ងៃ រាជរដ្ឋាភិបាល​កម្ពុជាប្រមូល​ទិញផ្លែ​មៀនពី​កសិករ​បាន​ជាង ​១.៧៥៨ តោនហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឈឹម វិច្ឆរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងថា ការប្រមូលទិញផ្លែមៀនប៉ៃលិន​(តាង៉ែន) និងមៀនក្រអូប (មៀនខ្មែរ) ចាប់ពីថ្ងៃទី​១៧ខែសីហាដល់ថ្ងៃទី៣០ខែសីហា ដែលមានរយ:ពេល(១៣ថ្ងៃ)​ ក្រុមការងារបានចុះទិញផ្ទាល់នៅតាមស្រុកចំនួន៧ ដែលមានផ្លែមៀនប៉ៃលិន (តាង៉ែន) ​និង​មៀនក្រអូប​មានចំនួន​ ៩៨០​តោន ខណៈដែលបានទទួលទិញជំហានដំបូងនៅទីលាន​បាល់ទាត់វាលបែកចាន​ក្នុងក្រុងបាត់ដំបងបានចំនួន៧៧៨តោន។ សរុបលទ្ធផលប្រមូលទិញរយៈពេល១៣ថ្ងៃនេះមានចំនួន​១.៧៥៨តោន ហើយក៏កំពុងបន្តទិញជាបន្តទៀត។

លោក​បន្ត​ថា យុទ្ធនាការ​ចុះប្រមូលទិញ​ផ្លែមៀនប៉ៃលិន ​(តាង៉ែន)​នៅ​ខេត្ត​បាត់ដំបង នៅ​តែ​បន្ត ​ដែលដឹកនាំដោយនាយឧត្តមសេនីយ៍​ ហុីង ​ប៊ុនហៀង​ ប្រធាន​ក្រុម​ការងារ​ដឹកនាំក្រុមខុទ្ទកាល័យ​ ដោយសហការជាមួយ​រដ្ឋបាល​ខេត្ត​មន្ទីរ​ជំនាញ​។ ក្រៅ​ពី​​កំណត់​គោលដៅ​នៅទីលាន​​បែកចានសម្រាប់​ទទួលទិញ​​ពី​កសិករ ក៏​មាន​ការ​ដឹកនាំ​ក្រុម​ចុះទៅទិញ​ដល់​ចម្ការ​ថែម​ទៀត។

សូមបញ្ជាក់ថាក្រោយពីប្រជាកសិករប្រឈមទីផ្សារសម្រាប់នាំចេញទៅប្រទេសថៃ ខណ:ប្រទេសថៃកំពុងមានវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរធ្វើឱ្យកកស្ទះកសិផលផ្លែមៀន(តាង៉ែន)ដោយរកទីផ្សារមិនបានធ្វើឲ្យវិបត្តិដ៏ធ្ងន់ធ្ងរនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបានសម្រេចចិត្តបង្កើត​ក្រុមការងារ​ចុះ​ប្រមូល​ទិញផ្លែមៀនទាំងអស់របស់ប្រជាកសិករតាមបណ្តាខេត្ត ដែលប្រឈមពិសេសក្នុងខេត្តបាត់ដំបងនិងប៉ៃលិន លើកលែងតែចម្ការរបស់លោកឧកញ៉ាឬឯកឧត្តមប៉ុណ្ណោះ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖