ខេត្តបន្ទាយមានជ័យ៖ បុរសជាជនពិការម្នាក់បានដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយការបំផ្ទុះគ្រាប់បែកនៅក្នុងខ្ទម នាវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ។
ជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុសអាយុ៥៤ឆ្នាំ ជាជនពិការ(ដើរមិនរួច)យូរឆ្នាំ នៅតែម្នាក់ឯងគ្មានប្រពន្ធកូន ក្នុងភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ហើយកាលពីអតីតក៏ធ្លាប់បានធ្វើជាទាហានផងដែរ។
លោកប៉ិ គឹមហាក់ អធិការស្ដីទីស្រុកភ្នំស្រុកបានប្រាប់ថា ក្រោយពីកើតមានករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតរួចមក កម្លាំងនគរបាលបានបង្កើតក្រុមការងារហ៊ុមព័ទ្ធកន្លែងកើតហេតុ និងក្រុមការងារចុះធ្វើកោសល្យវិច័យ ដែលមានសមាសភាព៖ ១-លោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសហការី, ២-រូបលោកផ្ទាល់, ៣-លោក ទន់ ថុល មេឃុំណាំតៅ, ៤-លោកអនុសេនីយ៍ឯក គុណ ឆវិន មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកភ្នំស្រុក, ៥-លោកវេជ្ជបណ្ឌិត ត្រួក ចាន់ឌី គ្រូពេទ្យកោសល្យវិច័យ ។
លោក សួន សុត្ថារ័ត្ន នាយការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ឆ្លងតាមការត្រួតពិនិត្យលើវត្ថុតាងមាននៅនឹងកន្លែងកើតហេតុឃើញមាន ១-គម្របគ្រាប់បែកមានពណ៌ខៀវម៉ាក(មីនី)ចំនួន០១, ២-កន្លាស់គ្រាប់បែកធ្វើពីដែកមូលចំនួន០១ និងខ្លួនសពមានស្នាមរបួសជាច្រើនកន្លែង ។
លោកបញ្ជាក់ថា ជនរងគ្រោះដែលពិការនោះគឺអវយវៈមានធម្មតា តែគាត់ដើរមិនរួច។ តាមការឱ្យដឹងពីសាច់ញាតិថា ជនរងគ្រោះធ្លាប់ធ្វើជាទាហាន បានធ្លាក់ខ្លួនឈឺរហូតក្លាយជាជនពិការជាង១០ឆ្នាំមកហើយ ។ ផ្អែកលើការពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្ដីជំនាញ និងការសន្និដ្ឋានរបស់លោកគ្រូពេទ្យកោសល្យវិច័យបានបញ្ជាក់ឱ្យដឹងថា ឈ្មោះម៉ី កូត បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន មិនមែនជាករណីឃាតកម្មនោះទេ ។ទាក់ទិននឹងការដាច់ចិត្តធ្វើអត្តឃាតនេះ គឺសង្ស័យថា ជនរងគ្រោះតូចចិត្តនឹងខ្លួនឯងពិការយូរឆ្នាំរស់នៅម្នាក់ឯង ។ម្យ៉ាងទៀតគ្រាប់បែកដែលធ្វើអត្តឃាតនោះសង្ស័យគាត់លាក់ទុកកាលពីធ្វើទាហានហើយគ្មានអ្នកណាបានដឹង រហូតដល់ថ្ងៃកើតហេតុនេះ៕
ដោយ៖ វណ្ណា