ព័ត៌មានទាន់ហេតុការណ៍៖

ទាហានមួកខៀវ៣៧នាក់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយមុនចេញបំពេញបេសកកម្ម

ចែករំលែក៖

ភ្នំពេញ ៖ សិក្ខាកាមទាហានមួកខៀវនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចំនួន៣៧នាក់ មុនចេញទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងឆ្នាំ២០២២ បានធ្វើការហ្វឹកហាត់អស់រយៈពេល១ខែលើជំនាញជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយទឹកជំនន់ដែលកើតឡើងដោយធម្មជាតិ បង្ហាត់ដោយយោធាចារ្យពីបញ្ជាការដ្ឋានកងទ័ពជើងទឹក។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងដំណើរចុះពិនិត្យការហ្វឹកហាត់របស់សិក្ខាកាមលើជំនាញខាងលើនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា សិក្ខាកាមជាទាហានមួកខៀវកម្ពុជា បានចាប់ផ្តើមហ្វឹកហ្វឺនជំនាញនេះកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ក្រោយបញ្ចប់វគ្គហ្វឹកហាត់នេះ សិក្ខាកាមទាំងអស់ នឹងបន្តវគ្គហ្វឹកហាត់កាណូតរុញពោងស្ពានដែក ចល័ត PMP ជាសាឡង់ ជាស្ពានពោងបណ្តែតទឹក និងរថយន្តស្ពានដែកចល័តTMM ដោយសារការងារហ្វឹកហាត់ គឺត្រូវអនុវត្តច្រើននៅក្នុងតំបន់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្នុងវគ្គហ្វឹកហាត់សង្គ្រោះគ្រោះមហន្តរាយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱ្យអូប័រសម្រាប់ធ្វើការហ្វឹកហាត់ផងដែរ។ ជាមួយគ្នានេះសិក្ខាកាមនិងយោធាចារ្យត្រូវបានយកសំណាកទៅធ្វើតេស្តរកកូវីដ-១៩មុននឹងចូលហ្វឹកហាត់៕

ដោយ៖ ស សម


ចែករំលែក៖