ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំណែនាំ ផ្សព្វផ្សាយ សេចក្តីជូនដំណឹង លេខ ០២០/២១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំ ស្តីពីការពង្រឹងការចូលរួមអនុវត្តសេចក្តីជូនដំណឹងលេខ ០២០/២១សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងវិធានការបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ តាមរយៈកម្មវិធី Zoom Meeting។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៩,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំណែនាំ ផ្សព្វផ្សាយ សេចក្តីជូនដំណឹង លេខ ០២០/២១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកអភិបាលរងទទួលបន្ទុក ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ លោក ប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និងតំណាងម្ចាស់ការដ្ឋានសំណង់ក្នុងមូលដ្ឋានខណ្ឌ ផងដែរ ។

កិច្ចប្រជុំបានផ្តោតសំខាន់លើការងារអនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព នៃសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចំពោះការដ្ឋានសំណង់សរុបចំនួន ៤៥ការដ្ឋាន ក្នុងមូលដ្ឋានខណ្ឌ ដែលកំពុងដំណើរការ និង មានបុគ្គលិក កម្មករកំពុងបម្រើការងារ តម្រូវឱ្យម្ចាស់ការដ្ឋានទាំងអស់រៀបចំយកសំណាករកមេរោគកូវីដ-១៩ លើកម្មករ និយោជិត របស់ខ្លួនរៀងរាល់ ១០ថ្ងៃម្តង ដោយសហការជាមួយក្រុមគ្រូពេទ្យជំនាញ និង អាជ្ញាធរមូលដ្ឋាន រួចថតរូប ព្រមទាំងរាយការណ៍ជាលាយលក្ខណ៍អក្សរមករដ្ឋបាលខណ្ឌ អំពីចំនួនអ្នកយកសំណាក អ្នកវិជ្ជមាន ឬ អវិជ្ជមាន ហើយត្រូវគោរពតាមវិធានការសុខាភិបាល ចំពោះកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសនេះ លោក អភិបាល ក៏បានក្រើនរំឮកបន្ថែម ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងការដ្ឋានទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ លើការងាររបស់ខ្លួនមួយចំនួនដូចជា៖

-ការដ្ឋានសំណង់ សូមអនុវត្តការសាងសង់របស់ខ្លួន ឲ្យត្រឹមត្រូវតាមប្លង់ស្ថាបត្យកម្ម ពោលគឺគោរពអនុវត្តតាម ច្បាប់ ស្តីពីសំណង់ស៊ីវិល ជៀសវាងការលបលួចសាងសង់លើសជាន់ ខុសបច្ចេកទេស ឬ ខុសប្លង់អនុញ្ញាត ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ក្នុងពេលសាងសង់ និងពេលអនាគត ។

-ត្រូវជៀសវាងឲ្យបានជាអតិប្បរមា ការបង្កសំលេងរំខាន ផលប៉ះពាល់ពីការសាងសង់ ដល់លំនៅដ្ឋានអ្នកជិតខាងជាប់ព្រំ បង្កបាក់ស្រុតផ្ទះអ្នកជិតខាង ។

-ជាពិសេសត្រូវយកចិត្តទុកដាក់លើបច្ចេកទេសហ៊ុំព័ទ្ធការដ្ឋាន ឲ្យបានត្រឹមត្រូវ និធានាសុវត្ថិភាពរបស់កម្មករ និយោជិត ក្នុងការដ្ឋានរបស់ខ្លួន ៕

ដោយ ៖ សិលា


ចែករំលែក៖