ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតូចចិត្តសុំលុយម្តាយទិញថ្នាំញៀនមិនបានអារ.ក សម្លាប់ខ្លួនឯងក្នុងបន្ទប់នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតូចចិត្តសុំលុយម្ដាយយកទៅទិញគ្រឿងញៀនមិនបានក៏សម្រេចចិត្តអារ.កសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនញៀនថ្នាំដែលធ្វើអត្តឃាតខ្លូនឯងនេះមានឈ្មោះពុធ ហេង ហៅអាហើមមានអាយុ២៥ឆ្នាំ គ្មានមុខរបរអ្វីទេ មាន ស្រុកកំណើតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។

  តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះមុំ សុង មានអាយុ៥៣ឆ្នាំត្រូវជាម្ដាយរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា រូបគាត់និងប្ដីរបស់គាត់ត្រូវជាឪពុកជនរងគ្រោះបានបែកបាក់គ្នាជាយូរណាស់មកហើយ ដោយទុកឲ្យកូនប្រុសរស់នៅជាមួយនឹងឪពុក ព្រោះកូនរបស់គាត់ជាមនុស្សសេពគ្រឿងញៀន ទើបរូបគាត់ឲ្យកូនម្នាក់នេះទៅឪពុកជាអ្នកមើលថែ ហើយកន្លងមកកូនរបស់គាត់តែងតែមកសុំលុយគាត់២.០០០រៀលទៅ៣.០០០រៀលដើម្បីទិញថ្នាំជក់ ព្រោះកូនរបស់គាត់មិនមានការងារធ្វើនោះទេ ហើយបច្ចុប្បន្នគាត់ក៏ស្នាក់នៅបន្ទប់ជួលម្ដុំនេះផងដែរ។ លុះមកដល់ព្រឹកកើតហេតុកូនរបស់គាត់បានសុំលុយគាត់ដូចធម្មតា ពេលនោះគាត់បានប្រាប់ទៅកូនថាគ្មានលុយរាយទេ ហើយរូបគាត់ក៏បានចេញទៅលក់ដូរដូចធម្មតា ដោយទុកឲ្យជនរងគ្រោះនៅក្នុងបន្ទប់តែម្នាក់ឯង។ រហូតមកដល់ពេលម៉ោងកើតហេតុក៏មានប្រជាពលរដ្ឋបានតេប្រាប់គាត់ថា កូនរបស់គាត់បានអារ.កខ្លួនឯងក្នុងបន្ទប់ជួលស្លាប់បាត់ទៅហើយ ភ្លាមៗនោះគាត់ក៏បានមកដល់ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យមើល។

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានហ៊ុមព័ទ្ធចំណុចកើតហេតុនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យជំនាញពិនិត្យសំណាករបស់ក្រសួងសុខាភិបាលរាជធានីភ្នំពេញដើម្បីចុះមកយកសំណាករកមេរោគកូវីដ-១៩ តែអវិជ្ជមាន រួចសមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុប្រគល់សពឲ្យម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖