ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃព្រហស្បតិ៍ទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំ ស្តីពីការឧបត្ថម្ភថវិកាជូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន២០,០០០រៀល តាមរយៈប្រព័ន្ធអនឡាញហ្សូម (Online Zoom) ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង១៣ និងលោក ប្រធានមន្ទីរសុខាភិបាលខេត្ត។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានជំរាបដល់លោក លោកស្រីអភិបាលក្រុង-ស្រុក ធ្វើការស្នើរសុំការគាំទ្រ និងឧបត្ថម្ភផ្សេងៗ តាមរយៈឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង-ស្រុកទាំង១៣ និងសប្បុរសជននានា ក្នុងការជួយដោះស្រាយការចំណាយ ដើម្បីបន្តត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជម្ងឺកូវីដ-១៩ សំរាប់ពលករវិលត្រឡប់មកពីប្រទេសថៃ នៅមូលដ្ឋានស្រុកកំណើតរបស់ខ្លួន។
ទន្ទឹមនិងនេះ លោក ជា សុមេធី បានទទួលស្តាប់របាយការណ៍របស់លោក លោកស្រីអភិបាលក្រុង-ស្រុក ដែលបានលើកឡើងពីសភាពការណ៍ និងស្នាដៃការងារ ព្រមទាំងបញ្ហាប្រឈមមួយចំនួនរបស់មូលដ្ឋាន ដើម្បីជួយសម្រួលដោះស្រាយ និងធ្វើរបាយការណ៍សុំអន្តរាគមន៍បន្តទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង។
ជាថ្មីម្តងទៀត លោកអភិបាលខេត្ត សូមជូនពរគណៈអភិបាលខេត្ត និងសមាជិកអង្គប្រជុំទាំងមូល សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ៕
ដោយ៖សហការី