ជើងហោះហើរដំបូងបង្អស់ដឹកក្រុមវិស្វៈករ កាតារ បានចុះចតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ក្រោយអាមេរិកបញ្ចប់ការដកទាហាន។ រដ្ឋាភិបាលកាតារកំពុងតែធ្វើការជាមួយក្រុមតាលីបង់ដើម្បីបើកដំណើរការអាកាសយានដ្ឋានឡើងវិញ។
ក្រសួងការបរទេសកាតារនៅថ្ងៃទី ២ខែកញ្ញា បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសនេះកំពុងធ្វើការជាមួយក្រុមតាលីបង់ ដើម្បីបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នៅរដ្ឋធានីកាប៊ុល។ ចាប់តាំងពីអាមេរិកដកទាហានចុងក្រោយចេញ អាកាសយានដ្ឋានេះបានផ្អាកដំណើរការដោយសារតែខ្វះឧបករណ៍ ហេដ្ឋារចនាសម្ព័នខូចខាតមួយចំនួន។
រដ្ឋមន្ត្រីក្រសួងការបរទេស កាតារ លោក Sheikh Mohammed bin Abdulrahman al-Thani បានបញ្ជាក់ថា «យើងបានខិតខំដោយសង្ឃឹមថា នឹងដំណើរហោះហើរឡើងវិញនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលក្នុងពេលឆាប់បំផុតដែលអាចធ្វើទៅបាន។ ដំណឹងល្អនឹងទទួលបានក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»។
ក្រោយពេលអាកាសយានដ្ឋាន Hamid Karzai បើកដំណើរការឡើងវិញនោះ ពលរដ្ឋបរទេស ជនជាតិអាហ្វហ្គានីស្ថានដែលមានបំណងចេញពីប្រទេសនេះ អាចបន្តធ្វើដំណើរតាមយន្តហោះបាន។ រដ្ឋមន្ត្រីការបរទេសកាតារបានបញ្ជាក់ទៀតថា «ក្រុមតាលីបង់បានសន្យាផ្តល់លក្ខណៈងាយស្រួល សុវត្ថិភាព ដល់ពលរដ្ឋដែលចង់ចាកចេញពីប្រទេស ដូច្នេះការដំណើរការឡើងវិញអាកាសយានដ្ឋានគឺជាការចាំបាច់បំផុត។
ជើងយន្តហោះដឹកក្រុមវិស្វៈករកាតារទៅកាន់ទីក្រុងកាប៊ុល គឺដើម្បីពិភាក្សាពីការបើកអាកាសយានដ្ឋានក្នុងពេលឆាប់ៗខាងមុខ៕ដោយ៖ធីរីណា
រូបភាព៖The Los Angeles Times
រូបភាព៖ AFP