ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ​៖​ សម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃ​បន្ថែម​ទៀត​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ​ ខេត្តព្រះសីហនុ សម្រាប់រយៈពេល ១៥ (ដប់បួន)ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១​រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​ រដ្ឋបាលខេត្ត​ក៏បានចេញសេចក្តីណែនាំ​ ស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត​ ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១​ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ 

គួរជម្រាបថា​ ចំពោះ​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩​ ក្រសួងសុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​នេះ​ដែរ​ ​ក៏បានប្រកាស​រកឃើញ​អ្នកឆ្លងថ្មី ៤១៦នាក់ទៀត ជាសះស្បើយ ៣៨៦នាក់ និងស្លាប់​ ១២នាក់​ ក្នុង​នោះ​៖ ករណីឆ្លងសហគមន៍ ៣០៤នាក់,​ និង​អ្នកដំណើរពីបរទេស ១១២នាក់។ 

គួរបញ្ជាក់ថា​ ប្រទេសកម្ពុជា​ គិតត្រឹមព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ​ មានអ្នកឆ្លងសរុប= 93, 926នាក់,​ អ្នកជាសះស្បើយ= 89,500 នាក់​ និង​អ្នកស្លាប់= 1,928 នាក់ផងដែរ​៕

ដោយ​៖សហការី​


ចែករំលែក៖