ខេត្តព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តព្រះវិហារបានសហការគ្នាចុះបង្ក្រាបសិប្បកម្មកែច្នៃផលអនុផលព្រៃឈើចំនួន៤កន្លែង ស្ថិតក្នុងស្រុកត្បែងមានជ័យ ដែលអាជ្ញាធរអះអាងថា គ្មានច្បាប់អនុញ្ញាត ក្នុងនោះចាប់ដកយក វត្ថុតាងមាន ៖ តាបឈូស ម៉ាសុីនភ្លើង រួមទាំងឈើមួយចំនួនត្រូវបានដកហូតយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងទៅតាមនីតិវិធី ។ រីឯម្ចាស់សិប្បកម្មត្រូវបានអោយធ្វើកិច្ចសន្យាមិនអោយធ្វើអាជីកម្មតទៅទៀតឡេីយ ។
ការបង្ក្រាបធ្វេីឡេីងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ចូលរួមដោយកម្លាំង ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដឹកនាំដោយលោក ឡុញ ប៉ុណ្ណារិទ្ធ នាយរងផ្នែក លោក សុងបញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ។
លោក នុត សោភណ្ឌ័ បានអោយដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងសមត្ថកិច្ចជំនាញ មិនមែនដាច់ធម៌មេត្តា គ្មានមនោសញ្ចេតនាចំពោះបងប្អូនទេ ។ លោកថា ការធ្វើអាជីកម្មកែឆ្នៃផលអនុផលព្រៃឈើ តម្រូវអោយបងប្អូនម្ចាស់អាជីកម្មនិមួយៗ សុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ភូមិ ឃុំ ស្រុក នឹងជំនាញរដ្ឋបាលព្រៃឈើ អោយបានត្រឹមត្រូវទើបអនុញ្ញាត អោយបងប្អូនធ្វើ ជៀសវាងការបង្ក្រាបពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចជំនាញ ។ពាក់ព័ន្ធនិងព័ត៌មានផ្សព្វផ្សាយដែលថា «លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ លោក នួន សុខុម នាយខណ្ធរដ្ឋបាលព្រះវិហារ អសមត្ថភាព បើដៃអោយមានបទល្មើសព្រៃឈើកើតលើងដោយគ្មានការបង្ក្រាប »។ លោក នួន សុខុម បានបញ្ជាក់យ៉ាងច្បាស់ថា គិតចាប់ពីខែមករា ឆ្នាំ២០២១ មកដល់ខែសីហា ឆ្នាំ២០២១ នេះ ខណ្ឌ រដ្ឋបាលព្រៃឈើព្រះវិហារ បង្ក្រាបបានការស្តុកទុក ការដឹកជញ្ជូនបទល្មើសព្រៃឈើបានចំនួនសរុប៨៧ករណី ឈើចំនួន១១០/១៦០មែត្រគូប ។
ក្នុងនោះ បង្ក្រាបលើករណី ហ៊ុំព័ទ្ធឈូសឆាយការកាប់រានដីព្រៃរដ្ឋយកធ្វើកម្មសិទ្ធិ បានចំនួន២៩ករណី ដកហូតដីយកមកទុកជាសម្បត្តិរដ្ឋវិញ បានចំនួន១៤៤៥/២៣ហិតា ៕
ដោយ៖ វណ្ណៈ