ភ្នំពេញ៖ គេនៅចាំបានថា កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីជនខិលខូចមួយក្រុមបានធាក់ទ្វារបន្ទប់ជួលរបស់កម្មករពីរនាក់ប្តីប្រពន្ធទាំងកណ្តាលយប់ ដោយចោទថាប្តីប្រពន្ធទាំងពីរនាក់នេះជាអ្នកលក់គ្រឿងញៀន ហើយបានជំរិតទារប្រាក់ចំនួន៥០០ដុល្លារ ដែលហេតុការណ៍នេះកើតឡើងនៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងក៏មានអ្នកយកព័ត៌មានជាច្រើនបានចុះទៅដល់កន្លែងកើតហេតុ និងបានផ្សព្វផ្សាយថា ក្រុមជនខិលខូចទាំងនោះគឺជាក្រុមសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ខ្លះទៀតផ្សាយថាជាមន្ត្រីកងរាជអាវុធហត្ថ ដោយបានរៀបរាប់ថា ក្រុមជនខិលខូចទាំងនោះ មានគ្នា៥នាក់ ក្នុងនោះមានម្នាក់អួតខ្លួនថាជាប៉េអឹម ចំណែក៤នាក់ទៀតជាសន្តិសុខយាមនៅគោលដៅនោះ បានសម្រុកចូលទៅក្នុងបន្ទប់ជនរងគ្រោះ ហើយក៏បានយកគ្រឿងញៀន១កញ្ចប់ចេញពីហោប៉ៅខោ រួចចាប់បុរសជាប្តីវាយខ្នោះមកខាងក្រោយ ហើយយកគ្រឿងញៀនដាក់ពីមុខជនរងគ្រោះ ដោយចោទថា ប្តីប្រពន្ធទាំង២នាក់នេះជាអ្នកលក់គ្រឿងញៀន រួចគំរាមចាប់វាយខ្នោះ បញ្ជូនប្តីទៅដាក់គុកព្រៃសទាំងយប់ បើសិនគ្មានលុយឲ្យពួកគេទេនោះ។ ក្រោយមកដោយជនរងគ្រោះពុំមានលុយ ជនសង្ស័យក៏បានបង្ខំឲ្យប្តីប្រពន្ធទាំងពីរនាក់យកម៉ូតូរបស់ខ្លួនទៅបញ្ចាំនៅឃ្លាំងរំសេវបានប្រាក់ចំនួន៥០០ដុល្លារ ហើយយកក្រដាសបញ្ចាំមកឲ្យជនរងគ្រោះវិញ ទើបដោះខ្នោះពីប្តីចេញ។ លុះព្រឹកឡើង មានសន្តិសុខម្នាក់ក្នុងចំណោមបក្ខពួកទាំង៥នាក់នោះបានមកយកក្រដាសបញ្ចាំ ពីជនរងគ្រោះទៅបញ្ចាំបន្ថែម១០០ដុល្លារទៀត។
បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់មន្ត្រីជំនាញឱ្យចុះស្រាវជ្រាវជាបន្ទាន់ រហូតរកឃើញថា ជនខិលខូចទាំងនោះ គ្មានអ្វីពាក់ព័ន្ធនឹងប៉េអឹមណាម្នាក់ឡើយ ហើយក៏ប្តេជ្ញាតាមចាប់ជនខិលខូចដែលគេអះអាងថាជាប៉េអឹមនោះឲ្យខាងតែបាន។
តាមរយៈវិធានការដ៏ម៉ឹងម៉ាត់របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យបានឮដល់ក្រុមគ្រួសាររបស់ជនសង្ស័យថានឹងមិនអាចគេចទៅណារួច ក៏បាននាំខ្លួនជនសង្ស័យចូលមកសារភាពនៅចំពោះមុខកងរាជអាវុធហត្ថខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ជនសង្ស័យដែលត្រូវបានគេអះអាងថាជាប៉េអឹម មានឈ្មោះ រ៉ូ ថារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពិតប្រាកដគឺជាអ្នកបើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៥៧ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការស្រាវជ្រាវបន្ត។ រហូតដល់ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ រីឯបក្ខពួកផ្សេងទៀតសមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួនបន្ត៕
ដោយ៖ ចន្ទ លីហ្សា