ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Starex បានបុកពីក្រោយគោយន្តកែច្នៃដឹកឫស្សីយ៉ាងពេញទំហឹងពីក្រោយ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១ខែកញ្ញាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា អ្នកបើកគោយន្តកែច្នៃដឹកឫស្សី មានឈ្មោះ អ៊ុំ សាឡី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង មិនមានរងរបួសនោះទេ។
ចំណែកអ្នកបើករថយន្ត មានឈ្មោះយន់ សុភ័ក្ត អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត(ឈ្នួល) មានទីលំនៅភូមិក្រាំងស្តៅ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុមានបុរសម្នាក់បានបើកគោយន្តកែច្នៃដឹកឫស្សីមួយគ្រឿងក្នុងទិសដៅពីកើតទៅលិច លើផ្លូវជាតិលេខ១ ដោយមិនមានភ្លើងបំភ្លឺផ្លូវផ្នែកខាងក្រោយនោះទេ។ ក្រោយមកដោយសារតែយប់ងងឹតផងស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Starex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ មណ្ឌលគិរី ២A-៦៦៧៥បើកស្របទិសគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏បុកពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំងរថយន្ត និងគោយន្តកែច្នៃ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន