ព័ត៌មានទាន់ហេតុការណ៍៖

ឈរមេីលជាងប៉ះកង់រុឺម៉ក​ខ្លួន ត្រូវបុរសម្នាក់ទៀតស្រវឹងស្រាបេីករថយន្តមកបុកពេញទំហឹង​បណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រា​ បានបេីករថយន្តFordមួយគ្រឿងទៅបុករុឺម៉កសណ្ដោងកំពុងប៉ះកង់នៅចញ្ចេីមផ្លូវហេីយរុញទៅបុកបុរសម្នាក់ជាម្ចាស់រុឺម៉កបណ្ដាលឲ្យរបួសធ្ងន់​ កាលពីវេលាម៉ោង១១​ និង២០នាទីយប់​ ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត​ កែងច្រកចូលទីលានចាក់សម្រាមចាស់​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

      តាមសម្ដីបុរសម្នាក់ដែលជាជាងប៉ះកង់ម៉ូតូបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុមានប្ដីប្រពន្ធពីរនាក់បានបេីករុឺម៉កសណ្ដោងមកប៉ះកង់ម៉ូតូ​កន្លែងគាត់​ ដោយចករុឺម៉កសណ្ដោងលេីចញ្ចេីមផ្លូវ​ត្រឹមត្រូវ ។ ខណៈកំពុងប៉ះកង់ម៉ូតូសណ្ដោងរុឺម៉ក​ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាបានបេីករថយន្តម៉ាក​ Ford មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BD-4333 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត​ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន​និងរេចង្កូតមកស្ដាំដៃឡេីងលេីចញ្ចេីមផ្លូវមកបុករុឺម៉កសណ្ដោងពីក្រោយពេញទំហឹង​ ធ្វេីឲ្យរុឺម៉កសណ្ដោងរុញទៅបុកបុរសម្នាក់ជាម្ចាស់កំពុងឈរមេីលជាងប៉ះកង់បណ្ដាលឲ្យរងរបួសធ្ងន់​ ហេីយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហេីយបានឃាត់តៃកុងរថយន្តបង្កមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២​ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យឲ្យធ្វេីការវាស់វែងយករថយន្តបង្កនិងរុឺម៉កសណ្ដោងទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីដោះស្រាយតាមច្បាប់នាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖