ខេត្តកណ្ដាល៖ បុរសម្នាក់ ផឹកស្រាស្រវឹងជោកជាំ ខណៈមកដល់ផ្ទះរករឿងប្រពន្ធ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតអស់មួយចំនួន ធ្វើឲ្យប្រពន្ធទ្រាំមិនបាន រត់ទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។ ករណីនេះបានកើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរសៀល នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ប៊ុន បូរី ស្ថិតក្នុងភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ប៊ុន បូរី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ កសិករ ហើយជនសង្ស័យជាប្តី ឈ្មោះ ចំរើន ឆូយ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិចុងកោះ ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរសៀល ជនសង្ស័យឈ្មោះ ចំរើន ឆូយ ជាប្ដី ដើរលេងផឹកស្រាស្រវឹងជោគជាំពេលមកដល់ផ្ទះ យកឆ្នាំង ចានបាយ បោះចោលលើដី និងយកដបទឹកត្រី គប់មកលើជនរងគ្រោះតែមិនបណ្តាលអោយរងរបួសនោះទេ ។ បន្ទាប់មក ជនសង្ស័យចុះមកក្រោមវិញ ហើយយកឈើទុលម៉ូតូមកវាយបំផ្លិចបំផ្លាញម៉ូតូខ្ទេចផ្នែកខាងមុខ និងបោកកំទេចឆ្នាំងបាយ ហើយជនរងគ្រោះបានតេទូរស័ព្ទមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសណ្តារភ្លាមៗតែម្តង ។
ក្រោយពីទទួលព័ត៌មានបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្តារ ចុះដល់កន្លែងកើតហេតុហើយក៏បានឃាត់ខ្លួន និងនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ដោយ៖ស្អាង ជ័យ