ព័ត៌មានទាន់ហេតុការណ៍៖

បារាំងនឹងបន្តអនុវត្តការត្រួតពនិត្យប័ណ្ណសុខភាព រហូតដល់បំណាច់ឆ្នាំ២០២១

ចែករំលែក៖

ប្រធានាធិបតីបារាំងលោកម៉ាក្រុង បានប្រកាសថា អាចនឹងបន្តច្បាប់ត្រួតពិនិត្យប័ណ្ណសុខភាពក្រោយថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ ២០២១ ពិសេសទៅលើតំបន់ដែលមានករណីឆ្លងកូវីដ-១៩ ខ្ពស់។
នៅពេលនេះចំនួនអ្នកឆ្លងកូវីដ-១៩ និងអ្នកជំងឺចូលពេទ្យថយចុះយ៉ាងខ្លាំង ។ ប៉ុន្តែរដ្ឋាភិបាលបារាំងនៅតែបន្ត ការអនុវត្តច្បាប់ត្រួតពនិត្យប័ណ្ណសុខភាព ដោយសារតែតំបន់មួយចំនួនមានករណីឆ្លងនៅខ្ពសនៅឡើយ ហើយតំបន់មួយចំនួនទៀតបានធ្វើបាតុកម្មប្រឆាំង គោលនយោបាយប័ណ្ណសុខភាព។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក បារាំងរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៥.៩០០នាក់ គឺថយចុះ២០%បើប្រៀបធៀបនឹងសប្តាហ៍កន្លងមក។ ចំនួនអ្នកជំងឺចូលពេទ្យក៏បានថយចុះក្រោយ១១ពាន់នាក់ផងដែរចាប់តាំងពីថ្ងៃទី២២ខែសីហា ដែលជាចំណុចកំពូលនៃរលកកូវីដ-១៩ លើកទី៤។ ប៉ុន្តែនៅក្នុងខេត្តមួយចំនួនដូចជា Bouches-du Rhônes, Martinique និង Guadeloup មន្ទីរពេទ្យនៅតែពេញណែនដោយអ្នកជំងឺកូវីដ-១៩។
មានប្រសាសន៍នៅទីក្រុង Marseill ប្រធានាធិបតីបារាំង លោកម៉ាក្រុងបានបញ្ជាក់ថា អាចនឹងបន្តអនុវត្តច្បាប់ត្រួតពិនិត្យប័ណ្ណសុខភាព ក្រោយអស់សុពលភាពនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១ ពិសេសគឺនៅក្នុងតំបន់មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ ប្រធានាធិបតីបារាំងបញ្ជាក់ទៀតថាវិធានការខាងលើនេះនឹងជួយទប់ស្កាត់ការបិទទ្វារសេដ្ឋកិច្ច។
ការអនុវត្តច្បាប់ត្រួតពិនិត្យប័ណ្ណសុខភាព បានអនុវត្តចាប់ពីថ្ងៃទី២១ខែកក្កដា ដល់ថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ២០២១ ។
នៅថ្ងៃទី៣០ខែសីហាបារាំងបានបន្តអនុវត្តច្បាប់សម្រាប់បុគ្គលិករដ្ឋចំនួន១,៥លាននាក់ គឺត្រូវតែមានកាតសុខភាព ទើបអាចទៅកន្លែងធ្វើការបាន។ ទាំងនោះគឺជាវិធានការជួយដល់រដ្ឋាភិបាលសម្រេចបានគោលដៅចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងកូវីដ -១៩នៅក្នុងសង្គម៕

ដោយ៖ធីរីណា(រូបភាព៖ TTXVN )


ចែករំលែក៖