ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃផ្សេងគ្នាក្នុងចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២១ កន្លងទៅ បានបង្ហាញថា សត្វត្មាតទាំងបីប្រភេទ ដែលមាននៅប្រទេសកម្ពុជាគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ មានវត្តមានសរុបចំនួន ១៤០ក្បាល នៅក្នុងអាហារដ្ឋានត្មាតសំខាន់ៗចំនួន ០៤ កន្លែងនៅតំបន់ការពារធម្មជាតិកម្ពុជាគឺ៖ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។ គួរបញ្ជាក់ដែរថា សត្វត្មាតទាំងបីប្រភេទនេះសុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការ IUCN។
ជាមួយ លទ្ធផលរាប់បាននៅខែចុងក្រោយនេះ យើងឃើញថា អាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរមានការកើនឡើងនូវចំនួនសត្វត្មាតគួរឱ្យកត់សម្គាល់។ អ្នកវិទ្យាសាស្រ្តនៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានសម្តែងការអបអរសាទរចំពោះសញ្ញាណវិជ្ជមាននៃស្ថានភាពសត្វត្មាតទាំងបីប្រភេទ ខណៈ ដែលពិភពលោកតែងប្រារព្ធទិវាអន្តរជាតិនៃការយល់ដឹងអំពីសត្វត្មាតនៅសប្តាហ៍ទី១ នៃខែកញ្ញាជារៀងរាល់ឆ្នាំ។
បេីតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។ លោករដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ៖«ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។
ជាលទ្ធផលនៃការស្រាវជ្រាវនេះដែរ អ្នកវិទ្យាសាស្ត្រក៏បានកត់ត្រាទុកជាពិសេស នូវការវិលត្រលប់របស់សត្វត្មាតត្នោត និងត្មាតផេះ មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ក្រោយអវត្តមានពីទីនោះអស់រយៈពេលជាង ៥ឆ្នាំ។ ទន្ទឹមនឹងនេះដែរ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតដោយអាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គបានបង្ហាញថា ចំនួនសត្វត្មាតសរុបទាំងបីប្រភេទបញ្ចូលគ្នាបានកើនឡើងទ្វេដងសម្រាប់តំបន់នេះ ពោលគឺពីចំនួន ២០ក្បាល ដល់ចំនួន ៤១ក្បាលសម្រាប់រយៈពេលពីរខែចុងក្រោយ គឺចន្លោះចុងខែមិថុនា ដល់ ចុងខែសីហា ឆ្នាំ២០២១ នេះ។
ចំណែកលោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមចូលរួមអបអរសម្រាប់ដំណឹងដ៏ល្អនេះដែលវាពិតជាបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារថ្នាក់ជាតិដែលដឹកនាំដោយក្រសួងបរិស្ថាន ក្រុមការងារនៃកម្មវិធីអភិរក្សតំបន់ព្រៃទេសភាពភាគខាងកើតនៃប្រទេសកម្ពុជា និងក្រុមអ្នកជំនាញវិទ្យាសាស្រ្តនៃអង្គការដៃគូទាំងអស់ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងជាប្រចាំបន្ថែមទៀតសំដៅជំរុញឱ្យចំនួនសត្វស្លាបទាំងនេះមានកំណើនឡើងវិញនៅថ្ងៃខាងមុខ»។ លោកបានថ្លែងទៀតថា៖ «លទ្ធផលជាច្រើនដែលស្ថាប័នជំនាញ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រជាជនមូលដ្ឋាន និងដៃគូទាំងអស់សម្រេចបានក្នុងរយៈពេលកន្លងមកដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការរស់រានរបស់សត្វត្មាតសំខាន់ៗទាំងនេះ។ វាជាការវិវត្តដ៏វិជ្ជមានមួយដែលផ្តល់ជាក្តីសង្ឃឹមសម្រាប់ការអភិរក្សដើម្បីអភិវឌ្ឍន៍នៅកម្ពុជា»។
ទោះជាយ៉ាងណាក៏ដោយ ក្នុងឱកាសនៃទិវាអន្តរជាតិដើម្បីយល់ដឹងអំពីសត្វត្មាតនេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត និងស្រាវជ្រាវសត្វត្មាតកម្ពុជា ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះវត្តមានសត្វត្មាតនៅកម្ពុជាដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជ។ បញ្ហាប្រឈមចម្បងៗរបស់សត្វត្មាត រួមមាន ការបាត់បង់ទីជម្រក ការបំពុល ការពុលនឹងសារធាតុគីមីដែលគេប្រើប្រាស់សម្រាប់គោលដៅផ្សេង និងសកម្មភាពរំខានដោយមនុស្ស វត្តមានថ្នាំព្យាបាលសត្វ Diclofenac ការបរាជ័យនៃការពងកូន និងកង្វះចំណីអាហារ។ ដើម្បីការពារ និងស្តារចំនួនសត្វត្មាតឱ្យ មានចំនួនកើនឡើងវិញ យើងចាំបាច់ត្រូវរួមគ្នារៀបចំ និងអនុវត្តជាបន្ទាន់នូវវិធានការអភិរក្សសមស្របនានា សំដៅជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការពារធនធានព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងក្លាបន្ថែមទៀត សម្រាប់ផ្តល់ជាទីជម្រកដល់សត្វត្មាត និងសត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត ក៏ដូចជាដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់កម្ពុជាទៅនឹងហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ ការធានាបាននូវការរស់រានរបស់សត្វត្មាតមានសារៈសំខាន់ណាស់ ព្រោះសត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ដោយសារតែវាជាភ្នាក់ងារសម្អាតសាកសពសត្វក្នុងបរិស្ថានធម្មជាតិ ដែលជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងផ្សេងៗពីសត្វងាប់។
ជាមួយគ្នានេះ លោក Alistair Mould ប្រធានប្រតិបត្តិ អង្គការសមាគមអភិរក្សសត្វព្រៃ និងជាសហប្រធានក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានមានប្រសាសន៍ថា៖ «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋានដើម្បីបង្កើនការយល់ដឹង និងការពារទប់ស្កាត់សកម្មភាពបំពុលគ្រប់ប្រភេទដើម្បីជួយសង្គ្រោះសត្វត្មាតនៅកម្ពុជាពីការផុតពូជ»។
សូមរំឭកថា លទ្ធផលជំរឿនសត្វត្មាតថ្នាក់ជាតិគិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថាសត្វត្មាតមានចំនួនសរុបចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល, ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។ កាលបរិច្ឆេទសម្រាប់ការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសលើកទី០៤ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ។
ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ សកម្មភាពសិក្សាស្រាវជ្រាវនិងអភិរក្សសត្វត្មាតនៅប្រទេសកម្ពុជា បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៤ ដែលនៅពេលនោះចំនួនសត្វត្មាតដែលបានកត់ត្រាពេលធ្វើជំរឿនមានចំនួន ១៦២ក្បាល ដែលជាទិន្នន័យធ្វើជំរឿនលើកដំបូង។ ទិន្នន័យជំរឿនឆ្នាំ២០១០ ចំនួនសត្វត្មាតបានកើនដល់ ២៨៩ក្បាល។ ក៏ប៉ុន្តែចាប់ពីឆ្នាំ ២០១១ ដល់ ២០១៤ ចំនួនសត្វត្មាតមានការថយចុះគួរឱ្យបារម្ភ។ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាតទាំងបីប្រភេទមានចន្លោះពី ១២០ ទៅ១៤០ក្បាល។ ដោយឡែកចំនួនសំបុកដែលបានរកឃើញនិងការពារក៏មានការធ្លាក់ចុះពី ២៧សំបុក នៅក្នុងឆ្នាំ២០១៥ មកសល់ត្រឹម ១៤សំបុក ក្នុងឆ្នាំ២០២១នេះ។ សំបុកត្មាតផេះដ៏តិចតួចត្រូវបានរកឃើញខណ:ដែលចំនួនសរុបសត្វនេះមានច្រើនជាងគេនៅកម្ពុជា។
ដោយឡែកលោក ប៊ូ វរសក្ស នាយកស្តីទីអង្គការជីវិតធម្មជាតិនៅកម្ពុជាននិងជានាយកកម្មវិធីអង្គការBirdLife បានមានប្រសាសន៍ថា៖ «នៅដែនជម្រកសត្វព្រៃលំផាត់ សំបុកត្មាតចុងក្រោយបានរកឃើញក្នុងឆ្នាំ២០១៦។ ការថយចុះនៃចំនួនសំបុកត្មាតទូទាំងប្រទេសជាកត្តាគួរឱ្យបារម្ភ ដែលតម្រូវឱ្យមានការសិក្សាស្រាវជ្រាវនិងបង្កើនវិធានដើម្បីការពារសំបុកបន្ថែមទៀត។ យើងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាសហគមន៍ឱ្យចូលរួមទប់ស្កាត់ការកាប់បំផ្លាញដើមឈើធំៗដែលត្មាតជ្រើសរើសដើម្បីកាច់សំបុក និងការឡើងយកពងកូនសត្វជាដើម»។
បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានអំពាវនាវថា៖«សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត»។
សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
ដោយ៖សហការី