រុស្ស៊ីនឹងមានទីក្រុងថ្មីមួយទៀតមានឈ្មោះថា ទីក្រុង Sputnik នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។ ទីក្រុងថ្មីនោះនឹងមានពលរដ្ឋរស់នៅប្រមាណ៣សែននាក់ នៅចម្ងាយពីទីក្រុង Vladivostok ដ៏ស្រស់ស្អាតប្រមាណ៣០គីឡូម៉ែត្រ ប៉ុណ្ណោះ។
តាមសារព័ត៌មាន TASS នៅថ្ងៃទី៣ ខែកញ្ញាបានឱ្យដឹងថា ការសាងសង់ទីក្រុង Sputnik ត្រូវបានក្រសួងអភិវឌ្ឍន៍តំបន់ភាគខាងកើតនិងប៉ូលខាងជើងនៃប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នាជាមួយក្រុមហ៊ុន VEB.RF និង OOO ProGorod ក្នុងការសាងសង់ទីក្រុងSputnik ។
ព័ត៌មានស្តីពី ការសាងសង់ទីក្រុង Sputnik បានប្រកាសនៅក្នុងវេទិកាសេដ្ឋកិច្ចលោកខាងកើត EEF 2021ដែលកំពុងតែធ្វើឡើងនៅកោះ Russkyi នៃទីក្រុង Vladivostok ។ ទីក្រុងSputnik មានចម្ងាយពីទីក្រុង Vladivostok ចម្ងាយតែ៣០ គីឡូម៉ែត្រប៉ុណ្ណោះ។ តាមការគ្រោងទុក ទីក្រុង Sputnik នឹងមានពលរដ្ឋរស់នៅប្រមាណ ៣សែននាក់ ហើយអាចនឹងកើនឡើងដល់ទៅ១លាននាក់ ។
ទីក្រុង Sputnik មានផ្ទៃដី៩២៥ហិតា និងជាតំបន់សេដ្ឋកិច្ច ។ ទីក្រុងនេះនៅមិនឆ្ងាយពីអាកាសយានដ្ឋាន Vladivostok និងផ្លូវក្រវាត់ក្រុង។
ឈ្មោះ Sputnik គឺជាឈ្មោះនៃយានអវកាសគ្មានមនុស្សបើកដំបូងបង្អស់របស់អតីតសហភាពសូវៀតបានបាញ់ឡើងទីអវកាសជាចុងក្រោយបង្អស់នៅឆ្នាំ១៩៥០ ដើម្បីសាកល្បងសកម្មភាពរបស់ផ្កាយរណប ។ ឈ្មោះ Sputnik មានន័យថាអ្នករួមដំណើរ ឬជាផ្កាយរណប។ រុស្ស៊ីក៏បានប្រើប្រាស់ឈ្មោះនេះដាក់សម្រាប់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Sputnik V ដែលបានអនុម័តឲ្យប្រើប្រាស់ដំបូងគេបង្អស់នៅលើពិភពលោក៕
ដោយ៖ធីរីណា(រូបភាព៖ TTXVN )