ភ្នំពេញ៖ បេីយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងនាមលោកតំណាងដ៏ខ្ពង់ខ្ពស់ របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ្ស៊ូម ដែលមានការចូលរួមពី ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ស្ថាប័នតុលាការ ស្ថាប័នវិជ្ជាជីវៈ គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិសរុប ១១០ អង្គភាព។
សិក្ខាសាលានេះ បានធ្វេីឡេីងនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានគោលបំណងផ្តល់ឪកាសជូនដល់គ្រប់ភាគីពាក់ព័ន្ធបានពិនិត្យ ផ្តល់យោបល់ និងធាតុចូលបន្ថែម លើសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ បានតាក់តែង និងរៀបចំឡើងពីការសិក្សាស្រាវជ្រាវលើ អត្ថបទច្បាប់ជាតិ-អន្តរជាតិ ឯកសារពាក់ព័ន្ធនឹងការអនុវត្តរបស់កម្ពុជា ការចុះទៅសិក្សាផ្ទាល់នៅអង្គភាពថ្នាក់ក្រោមជាតិនិងស្ថាប័នតុលាការ ព្រមទាំងការសិក្សាពីបទពិសោធន៍បណ្តាលប្រទេសដទៃ ក៏ដូចជាធាតុចូលដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំង ៤ លើកកន្លងមក។
សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយនេះ ក៏មានការចូលរួមសហការនិងគាំទ្រផងដែរពីសហភាពអឺរ៉ុបនៅកម្ពុជា EU និងអង្គការ OXFAM នៅកម្ពុជា៕
ដោយ៖សហការី