ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន ២០លានរៀល (លើកទី៩​) និងស្បៀង-សម្ភារ (លើកទី១១) ជូនអង្គការសង្គ្រោះជនអស់សង្ឃឹម !

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល​ នាថ្ងៃសុក្រ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន ២០លានរៀល (លើកទី៩​) និងស្បៀង-សម្ភារ (លើកទី១១) ជូនអង្គការសង្គ្រោះជនអស់សង្ឃឹម​ ដេីម្បីជួយសម្រាលការលំបាកដល់កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹង​ ដែលជាបន្ទុករបស់អង្គការ។ 

ក្នុងឱកាសនោះ លលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកស្រី ម៉ារី អិន្ស និងសូមឲ្យលោកស្រីមានសុខភាពល្អ មានកម្លាំងមាំមួន ដើម្បីបន្តដឹកនាំ​ និងជាម្លប់ដ៏កក់ក្តៅដល់កូនៗចៅៗ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹង។ ជាមួយគ្នានេះ​ លលោកស្រី បានផ្តាំផ្ញេីដល់បុគ្គលិក សមាជិក ដែលរស់នៅក្នុងអង្គការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេសចូលរួមបញ្ជៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ។

លោកស្រី ម៉ារី អិន្ស​ ទីប្រឹក្សា​អង្គការសង្គ្រោះជនអស់សង្ឃឹម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែគិតគូរដល់សុខភាពរបស់លោកស្រីផ្ទាល់ ក៏ដូចជាសុខទុក្ខ បុគ្គលិក សមាជិកក្នុងអង្គការគ្រប់ពេលវេលា ហើយថវិកា និងសម្ភារទាំងនេះ យើងមានលទ្ធភាពផ្គត់ផ្គង់អាហារ និងការស្លៀកពាក់គ្រប់គ្រាន់ ដល់ក្មេងៗក្នុងអង្គការ​ និងសូមជូនពរ សម្តេច នូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ២តោន មី ៣០កេស ត្រីខ ៥កេស ទឹកក្រូច ១០កេស ទឹកបរិសុទ្ធ ២០កេស ទឹកស៊ីអ៊ីវ ១០យួរ ទឹកត្រី ១០យួរ ប្រេងឆា ៣កេស អំបិល ៥០គីឡូក្រាម ម៉ាស់ ២កេស អាល់កុល ៣០លីត្រ និងថវិកា ២០លានរៀល៕

ដោយ ៖ សិលា


ចែករំលែក៖