ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយចិត្តអប្រិយចាប់កូនស្រីបង្កើតឲ្យឪពុកចុងចាប់រំលោភបានសម្រេចច្រើនដង

ចែករំលែក៖

ខេត្តកណ្តាល ៖ ពិតជាមនុស្សអប្រិយចិត្តតិរច្ឆានមែនដែលស្ត្រីជាម្ដាយម្នាក់មានគំនិតដ៏ស្មោកគ្រោកហ៊ានចាប់កូនស្រីបង្កើតរបស់ខ្លួនឲ្យប្តីចុងរំលោភបានជាច្រើនដង ព្រមទាំងបានវាយធ្វើបាបនាងជាកូនថែមទៀតផង។

  ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ សុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២១ នៅចំណុចភូមិ​ព្រែក​រកា ឃុំ​ព្រែក​រកា ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។ 

   លោកវរសេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ ម.ស.ម ភេទស្រី អាយុ​១២​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែក​សំរោង​ទី២​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ មុខ​របរ​សិស្ស។ ចំណែកជនសង្ស័យមានចំនួន២នាក់គឺទី១-ឈ្មោះ​ មួង​ ចាត ហៅ​ តាក់ ភេទប្រុស អាយុ​៤៧ឆ្នាំ មានទីលំនៅ​ភូមិ​ព្រែក​រកា ឃុំ​ ព្រែក​រកា ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ មុខរបរ​កសិករ​ (ត្រូវ​ជាឪពុក​ចុង)។ ២-ឈ្មោះ​ ជាន​ ហ៊ុច​ ភេទ​ស្រី អាយុ៥០ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​រកា ឃុំ​ ព្រែក​រកា ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្តាល មុខរបរមិន​ពិត​ប្រាកដ​(ជាម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះត្រូវឃាត់ខ្លួន)។   

  លោក សុឹម គឹមស៊ុនបានបន្ថែមទៀតថា បើយោងតាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា ដោយមិនចាំថ្ងៃ តែក្នុងអំឡុងខែមីនា​ ឆ្នាំ​២០២០​ឈ្មោះ​ ជាន​ ហ៊ុច​ អាយុ​៥០ឆ្នាំ​ ត្រូវ​ជាម្តាយបង្កេីត​របស់​ជនរងគ្រោះ​បាន​ចុះចោលប្តីរបស់ខ្លួន​ទៅ​មានប្តីថ្មី​មួយទៀតឈ្មោះ​ មួង​ ចាត​ ហៅ​ តាក់​(ជនសង្ស័យ​)​ រស់​នៅ​ភូមិ​ឃុំ​កេីតហេតុ​ខាងលេី​។ លុះមកដល់​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១ វេលាម៉ោង​៨​:០០នាទី​ម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​មកដល់ផ្ទះ​ឪពុក​បង្កើត​របស់​ជនរងគ្រោះ​ ហេីយ​បានសុំជួបជនរង​គ្រោះ​មួយថ្ងៃ​។ ពេល​នោះឪពុក​របស់​ជនរងគ្រោះ​បាន​អនុញ្ញាត​ឱ្យម្តាយជនរងគ្រោះនៅជាមួយ​ជនរងគ្រោះ​មួយយប់​។ លុះស្អែក​ឡេីង​វេលាម៉ោង​១៦:៣០នាទី​ ពេល​ឪពុក​របស់​ជនរងគ្រោះ​ទៅចម្ការរ​បាត់​ ស្រាប់តែម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​យក​ជនរងគ្រោះ​ទៅបាត់​ ហើយពេល​ឪពុក​ជនរងគ្រោះ​ត្រឡប់​មក​ពីចម្ការ​វិញ​មិន​ឃេីញ​កូន​ស្រី​របស់​ខ្លួន​ក៏តាមទៅរក​ដល់​ម្តុំ​ផ្លូវ​ជាតិ​លេខ​៣ស្រុកកណ្តាល​ស្ទឹង​តែពុំ​ឃេីញ​ក៏ត្រឡប់​មកផ្ទះ​វិញ​ ។

   លុះមកដល់​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២១ វេលាម៉ោង​៨និង០០នាទីព្រឹក ម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​នាំ​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​ ហេីយ​បានសុំរួមរស់នៅជាមួយ​ប្តី​ដេីមវិញ​ តែ​ឪពុក​ជនរងគ្រោះ​មិនព្រម​ឱ្យនៅ​ទេ​ តែម្តាយជនរង​គ្រោះ​មិន​ព្រម​ចេញ​ក៏ដេកស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត​ រហូតស្អែក​ឡើងពេល​ឪពុក​ជនរងគ្រោះ​ទៅបេះបន្លែបាត់​ ម្តាយ​បង្កើត​ជនរងគ្រោះ​បាន​លួច​លុយ​ចំនួន​៥០០ដុល្លារ​រត់​គេចខ្លួន​បាត់​ ពេលនោះ​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ឪពុក​បង្កើតរបស់​ខ្លួន​ថា​ ពេល​ជនរងគ្រោះ​មករស់នៅជាមួយ​ម្តាយ​របស់​ខ្លួន​និង​ឪពុក​ចុងនៅភូមិ​ឃុំ​កេីតហេតុ​ ម្តាយ​បាន​វាយធ្វេីបាបរាល់ថ្ងៃ ចំណែក​ឪពុក​ចុង​ក៏បានវាយ​ធ្វើ​បាប​រាល់ថ្ងៃ​ និងបាន​ចាប់រំលោភនាងចំនួន​៤​ដង​ គឺលើក​ទី​១ពេល​យប់នៅលេីផ្ទះរបស់ជន​សង្ស័យ​តែមិនបានសម្រេច​ លេីកទី២​ ទី៣​ និងទី៤​នៅលេី​ផ្ទះ​ដដែល​បានសម្រេច​ ដោយ​ម្តាយ​ជាអ្នករួមគំនិត ជួយចាប់ជេីងជនរង​គ្រោះ​ទាំង​សងខាង​ ដេីម្បី​ឱ្យជនសង្ស័យ​រំលោភ​ម្តង​ៗ ហើយជនសង្ស័យ​ទាំង​ពីរ​នាក់​តែង​តែ​វាយ​ធ្វើ​បាប​និង​គំរាម​ជនរងគ្រោះ​មិនឱ្យប្រាប់អ្នកណា​ទេ។ ពេលឮដូចនោះ​ឪពុក​បង្កើត​របស់​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្ត៏​នគរបាលរដ្នបាល​សង្កាត់​តាខ្មៅ​ ហេីយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលសង្កាត់​តាខ្មៅ​បាន​ណែនាំ​ឲ្យ​ទៅដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្ត៏​នគរបាលរដ្នបាល​ឃុំ​ ព្រែក​រកា។ ក្រោយ​ទទួល​បាន​បណ្តឹងនេះកម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាល​ស្ទឹង​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ព្រែក​រកាបានចុះស្រាវជ្រាវ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំងពីរបញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំណុំរឿងតាម​នីតិវិធី​៕

ដោយ៖ ស សម


ចែករំលែក៖