ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យានៅតាមដេប៉ូស្តុក និងលក់ខ្សាច់ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពី​ក្រុម​អ្នកប្រកបរបរដេប៉ូស្តុក និងលក់ខ្សាច់ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ​ បានប្រេីរថយន្តដឹកជញ្ជូនខ្សាច់មិនទទួលខុសត្រូវក្នុងការបោសសម្អាត​ ឬលាងសម្អាតផ្លូវឱ្យបានស្អាតជារៀងរាល់ថ្ងៃ ទេីប​នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ លោក​ ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យា នៅតាមដេប៉ូស្តុក និង លក់ខ្សាច់ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ។

លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាល​រង​ខណ្ឌមានជ័យ​ បានឱ្យដឹងថា​ ក្នុង​ការចុះត្រួតពិនិត្យខាងលេីនេះ​ មានសមាសភាពចូលរួម៖​ លោក ឡាយ ជ ប្រធានការិ-សាធារណៈការ ខណ្ឌមានជ័យ,​ លោក ឡេង ច័ន្ទភក្រ្តា ប្រធានសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ,​លោក អ៊ូ សុផាន អនុប្រធាន សណ្តាប់ធ្នាប់ខណ្ឌមានជ័យ ,លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ។

ជាក់ស្ដែង​ការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យានេះដែរ លោក​ ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដេប៉ូខ្សាច់ទាំងអស់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ អោយអនុវត្តដូចខាងក្រោម ៖

*១. មិនត្រូវដឹកជញ្ជូនខ្សាច់ក្នុងចន្លោះម៉ោង ៦​ និង​០០នាទីព្រឹក រហូតដល់ ម៉ោង ១៩​ និង០០នាទីយប់ ។

*២. ត្រូវទទួលខុសត្រូវក្នុងការបោសសម្អាតផ្លូវ លាងសម្អាតផ្លូវអោយបានស្អាតជារៀងរាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៧​ និង០០ នាទីព្រឹកទៅត្រូវធានាអោយបានស្អាត ។

*៣. ត្រូវទទួលខុសត្រូវស្តារលូតាមតម្រាយផ្លូវដែលរថយន្តដឹកជញ្ជូនខ្សាច់របស់ខ្លួន រត់ឆ្លងកាត់អោយបានជាប្រចាំ ដោយធានាមិនអោយមានការកកស្ទះអាចម៌ដីនៅក្នុងប្រពន្ធលូឡើយ ។

*៤. ត្រូវទទួលខុសត្រូវជួសជុលជាបន្ទាន់ពីការដឹកជញ្ជូនដែលបណ្តាលអោយខូចខាតផ្លូវ និងប្រព័ន្ធលូ។ 

*៥. ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមលក្ខខណ្ឌនានាដែលកំណត់ក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ច ក្រសួង និងស្ថាប័នពាក់ព័ន្ធ ។

បន្ទាប់ពីក្រុមការងារ បានធ្វើការណែនាំរួចមក ម្ចាស់ដេប៉ូខ្សាច់ ទាំងអស់ បានធ្វើកិច្ចសន្យា ចំពោះមុខក្រុមការងារ ដូចតទៅ ៖

*១. មិនធ្វើការដឹកជញ្ជូនខ្សាច់ក្នុងចន្លោះម៉ោង ៦និង០០ នាទីព្រឹក រហូតដល់ ម៉ោង ១៩និង០០ នាទីយប់ ។

*២. ទទួលខុសត្រូវក្នុងការបោសសម្អាតផ្លូវ លាងសម្អាតផ្លូវអោយបានស្អាតជារៀងរាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៧និង០០ នាទីព្រឹកតទៅ ធានាក្នុងការលាងអោយបានស្អាត ។

*៣. ទទួលខុសត្រូវស្តារលូតាមតម្រាយផ្លូវដែលរថយន្តដឹកជញ្ជូនខ្សាច់ រត់ឆ្លងកាត់អោយបានជាប្រចាំ ដោយធានាមិនអោយមានការកកស្ទះអាចម៌ដីនៅក្នុងប្រពន្ធលូឡើយ ។

*៤. ទទួលខុសត្រូវជួសជុលផ្លូវ និងប្រព័ន្ធលូ ជាបន្ទាន់ ដែលបណ្តាលអោយមានការខូចខាតដោយសារការដឹកជញ្ជូនខ្សាច់ ។ 

*៥. អនុវត្តអោយបានត្រឹមត្រូវតាមលក្ខខណ្ឌនានា ដែលកំណត់ក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ច ក្រសួង និងស្ថាប័នពាក់ព័ន្ធ៕

ដោយ​៖ស​ តារា​


ចែករំលែក៖