ខេត្តបន្ទាយមានជ័យ ៖ ការសាងផ្នួស ជាកុសលល្អ ធ្វើឲ្យចិត្តមនុស្សលះបង់នូវ មោហ: ទោស: មាន: និងកិលេសផងទាំងពួង ព្រមទាំងជំរុញចិត្តមនុស្សឲ្យស្គាល់បុណ្យបាបផងដែរ។
យ៉ាងណាមិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោកតា ម៉ៃ ទូច ជាអតីតពលករមកពីប្រទេសថៃ ដែលត្រូវអាធរខេត្តបន្ទាយមានជ័យបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបូរី ឃុំឫស្សីក្រោក ស្រុកមង្គលបូរី កាលពីខែមីនា ឆ្នាំ២០២១ នោះ គាត់ហាក់មានកាតធុញទ្រាន់ក្នុងជីវិត បានប៉ុនប៉ងធ្វើអត្តឃាត ដោយចង.ក តែមិនបានសម្រេច។ ប៉ុន្តែដោយអាជ្ញាធរ និងប្រជាពលរដ្ឋជួយទាន់ព្រមទាំងអប់រំផ្លូវចិត្ត ផ្លូវធម៌ ឲ្យស្គាល់បុណ្យបាប និងអំពើជាកុសលនោះឥឡូវនេះគាត់ បានសាងផ្នួសជាព្រះសង្ឃហើយ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា កន្លងមកតាអាយុជាង ៧០ ឆ្នាំរូបនេះ បានប៉ុនប៉ងធ្វើអត្តឃាត ដោយចង.ក តែមិនបានសសម្រេចដោយសារប្រជាពលករនិងកម្លាំងអាជ្ញាធរឃើញចេញទៅជួយសង្រ្គោះទាន់ពេលវេលា។
មុនការប៉ុនប៉ងធ្វើអត្តឃាតបែបនេះ អតីតពលកររូប ធ្លាប់និយាយថា គាត់ធុញថប់ក្នុងជីវិតខ្លាំងណាស់នឹងការធ្វើចត្តាឡីស័ក ហើយបាត់ការទ្រាំរង់ចាំ ក្នុងរយៈពេល១៤ថ្ងៃមិនចង់បាន ទើបគិតខ្លី រត់ឡើងដើមឈើ ដើម្បី ចង.ក។តែទង្វើនេះត្រូវបងប្អូននៅជិតនោះជួយទាន់កុំអីគាត់ស្លាប់បាត់ទៅហើយ។
លោក រ័ត្ន ដាស៊ីណង់ បានបន្តទៀតថា ឥឡូវនេះ អ្វីៗបានប្រែប្រួលហើយ ព្រោះអតីតពលកររូបនេះ បានសម្រេចចិត្តសាងផ្នួសជាភិក្ខុសង្ឃលាងបាបនូវទង្វើល្ងង់ខ្លៅចង់ធ្វើអត្តឃាតខ្លួនឯងដែលធម៌ព្រះហាមឃាត់ដាច់ខាត។
អតីតពលកររូបនេះបានសាងផ្នួសនៅវត្តផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបូរី។ ហេតុនេះ សូមញាតិញោម ធ្លាប់ស្គាល់ រាប់អានលោក ជួយទៅប្រគេនទេយ្យទាន បច្ច័យ និងចង្ហាន់ដល់សង្ឃអង្គនេះផង៕
ដោយ ៖ ប្រាថ្នា