ព័ត៌មានទាន់ហេតុការណ៍៖

បិទ​កំណាត់ផ្លូវ​ទំនប់​បឹងទំពន់​(លេខ៣៧១)ត្រង់ចំណុច​ការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងទំពន់ រយៈពេល​៣ខែ​ចាប់ពីថ្ងៃទី០៦ ខែកញ្ញាដល់ថ្ងៃទី០៥ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្ដីជូនដំណឹង​សម្រេច​បិទ​កំណាត់ផ្លូវ​ទំនប់​បឹងទំពន់​(លេខ៣៧១)ត្រង់ចំណុច​ការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងទំពន់ រយៈពេល​៣ខែ​ចាប់ពីថ្ងៃទី០៦ ខែកញ្ញាដល់ថ្ងៃទី០៥ ខែវិច្ឆិកា សូម​បងប្អូន​ប្រជាពលរដ្ឋ​ពង្វាង​ផ្លូវ​តាម​ការណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ។ 

សូមជម្រាបថា​ នៅក្នុង​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​ថា​ ក្នុងផែនការដោះស្រាយបញ្ហាទឹកជំនន់ជន់លិចនៅតំបន់ភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលរាជធានីភ្នំពេញ​ ​បាននិងកំពុងសាងសង់ស្ថានីយបូមទឹកបឹងទំពន់បន្ថែមដោយបំពាក់ម៉ូទ័រទំហំ ១ម៉ែត្រ ចំនួន ០២គ្រឿង មានសមត្ថភាពបូមទឹក ៦ម៉ែត្រគូប ក្នុង ១វិនាទី ដែលដំណើរការសាងសង់នេះឈានដល់ដំណាក់កាលកាត់សាច់ផ្លូវ ដើម្បីបង្កប់បំពង់បូមទឹកចំនួន៣ខ្សែ នៅក្រៅមផ្លូវលេខ៣៧១។ 

 ដើម្បីបញ្ចប់គម្រោងសាងសង់ខាងលើឱ្យបានឆាប់រហ័ស ចាំបាច់ត្រូវធ្វើការពង្វាងចរាចរណ៍ដូចខាងក្រោម៖

១-ការធ្វើចរាចរពីទិសផ្លូវលេខ២៧១ ក្នុងទិសដៅឆ្លងកាត់ផ្លូវលេខ៣៧១ ត្រូវពង្វាង និងធ្វើចរាចរត្រង់តាមផ្លូវលេខ២៧១ឆ្ពោះទៅទិស ស្ពានអាកាសស្ទឹងមានជ័យ រួចបត់ឆ្វេងតាមផ្លូវលេខ២១៧។

២-ការធ្វើចរាចរពីទិសផ្លូវលេខ២១៧ ទៅទិសផ្លូវលេខ៣៧១ នៅទីតាំងស្ថានភូមិម័ល ត្រូវពង្វាងចរាចរត្រង់តាមតម្រាយផ្លូវលេខ២១៧ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំទៅផ្លូវលេខ២៧១។

៣-ដោយសារផ្លូវពង្វាងបណ្តោះអាសន្នសងខាងទីតាំងការដ្ឋានតូចចង្អៀត ការធ្វើចរាចរឆ្លងកាត់អនុញ្ញាតរថយន្តធុនតូច និងទោចក្រយានយន្ត ជូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងការដ្ឋានតែប៉ុណ្ណោះ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨​ និង០០នាទី ដល់ម៉ោង ១៧​ និង០០នាទីរយៈពេល ០៣ខែ។ ផុតរយៈពេលនេះការដ្ឋាននឹងបញ្ចប់ការងារ ហើយនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

ដោយ​៖សហការី​


ចែករំលែក៖