ខេត្តព្រះសីហនុ ៖ នៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាជនជាតិចិន ពាក់ព័ន្ធនឹងករណីដកកាំភ្លើងភ្ជង់គំរាមទៅលើជនជាតិចិនដូចគ្នា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១:៣០នាទី មានជនជាតិចិន បានទូរស័ព្ទមករាយការណ៍តាមប្រព័ន្ធHotlineរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនជាតិចិនចំនួន០៤នាក់ ជិះរថយន្ត ០១គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 បានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់មកលើរូបគាត់ បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជា្រវបង្ក្រាបបានជនសង្ស័យ ចំនួន ០៤នាក់ ជាជនជាតិចិន នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងបានបង្កើតជាគណៈកម្មការត្រួតពិនិត្យរថយន្ត ក៏រកឃើញមានកាំភ្លើងខ្លីចំនួន០២ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន ០៦ គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 ,គ្រាប់ចំនួន ៣១ គ្រាប់ ប្រភេទ9mm ក្នុងរថយន្តនៅកម្រាលជើងកៅអីផ្នែកខាងក្រោយ ។
ប្រតិបត្តិការនេះ នគរបាលបានដកហូតវត្ថុតាងរួមមាន:
-រថយន្ត ០១ គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 ។
-កាំភ្លើងខ្លីចំនួន ០២ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន០៦គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 ,គ្រាប់ចំនួន ៣១គ្រាប់ ប្រភេទ9mm ។
ចំពោះជនសង្ស័យ នគរបាលជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ ៖ សិលា