ខេត្តឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមកាងារចុះពិនិត្យ វឌ្ឍនភាពមណ្ឌលចត្តាឡីស័កមួយកន្លែងដែលស្ថិតនៅក្នុងស្រុកអន្លង់វែង ដើម្បីត្រៀមដាក់បងប្អូនពលករដែលចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ នេះបើតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។
សូមបញ្ជាក់ផងដែរថា មណ្ឌលចត្តាឡីស័កនេះអាចទុកពលករបានរហូតទៅដល់ ២.៥០០ នាក់ ឬ ២.៥០០ គ្រែ។
ដោយឡែកនៅថ្ងៃដដែលនេះ លោកអភិបាលខេត្តឧត្ដរមានជ័យ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹកនៅទំនប់អាង០៥ និងបានបន្តដំណើរចុះពិនិត្យមើលរមណីយដ្ឋានអូរទឹកខៀវ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ និងបានចេញដំណើរមករមណីយដ្ឋានក្បាលទន្សោងផងដែរ។
គួរបញ្ជាក់ថា ចុះពិនិត្យមើលស្ថានភាពទឹកនៅទំនប់អាង០៥ និងបានបន្តដំណើរចុះពិនិត្យមើលរមណីយដ្ឋានអូរទឹកខៀវ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទនេះ គឺដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សោភ័ណភាព ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តនៅលើទឹកដីជាយដែន មួយនេះឱ្យបានច្រើនកុះករក្រោយពេលស្ថានភាពកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញ៕
ដោយ៖សហការី