សម្ពន្ធភាពនៃសហជីពពាណិជ្ជកម្ម គណបក្សនយោបាយ និងបណ្តាសមាគម បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដែលមានឈ្មោះថា «មិនអាចបែងចែក» បានដង្ហែក្បួនតាមដងផ្លូវនៅកណ្តាលទីក្រុងប៊ែរឡាំង។
នៅថ្ងៃទី៤ខែកញ្ញា ពលរដ្ឋរាប់ពាន់នាក់បានដង្ហែក្បួននៅទីក្រុងប៊ែរឡាំង បង្ហាញការគាំទ្រតម្លាភាពក្នុងសង្គម បើកទូលាយ ក៏ដូចជា សាមគ្គី ប្រឆាំងនិឹងទស្សនៈផ្តាច់ការនៅក្នុងប្រទេសនេះ។
តាមការលើកឡើងរបស់កម្លាំងប៉ូលិសបានឱ្យដឹងថា មានពលរដ្ឋប្រមាណ១ម៉ឺននាក់ចូលរួម ។ ចំណែកគណៈកម្មការរៀបចំការដង្ហែក្បួនបានឱ្យដឹងថា មានពលរដ្ឋប្រមាណ៣ម៉ឺននាក់ចូលរួម។ ក្រៅពីនេះក្រុមបាតុករក៏បានអំពាវនាវឲ្យមានសកម្មភាពពិតប្រាកដដើម្បីប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ។
តាមការលើកឡើងរបស់តំណាងក្រុមបាតុករបានបញ្ជាក់ថា អ្នកដែលទទួលខុសត្រូវពីនយោបាយ ចាំបាច់ត្រូវតែដោះស្រាយវិបត្តិអាកាសធាតុ តម្លាភាពក្នុងសង្គម ក៏ដូចជាទប់ស្កាត់ការរើសអើងជាតិសាសន៍ ។
កម្លាំងប៉ូលិសអាល្លឺម៉ង់បានឱ្យដឹងថា ការដង្ហែក្បួនបាតុកម្មធ្វើឡើងដោយសន្តិភាព ហើយអ្នកដែលចូលរួមគឺបានគោរពទៅតាមវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ដោយបានពាក់ម៉ាស់ការពារទាំងអស់គ្នា។ ការដង្ហែក្បួន កើតឡើងក្នុងពេលដែលអាល្លឺម៉ង់ត្រៀមបោះឆ្នោតសភាដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ខែកញ្ញា ។ ជាមួយគ្នានោះអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងដកខ្លួនចេញពីឆាកនយោបាយ ក្រោយរយៈពេល១៦ឆ្នាំដឹកនាំប្រទេសអាល្លឺម៉ង់ ៕
ដោយ៖ធីរីណា(រូបភាព៖ AFP/TTXVN)