ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម នៅរសៀលថ្ងៃចន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ១៥នាក់ ខណៈអ្នកជំងឺជាសះស្បើយ ២១នាក់។
ជាក់ស្ដែងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ករណីជាសះស្បើយចំនួន ២១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៣នាក់, ស្រុកកំពង់សៀម ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០២នាក់, ស្រុកបាធាយ ០២នាក់, និងមកពីខេត្តត្បូងឃ្មុំ ០៦នាក់ ក្នុងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។
ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្ត សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ញ សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ” និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោម៖
ដោយ៖សហការី