ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យ​៖ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា​ និងលេីទិសដៅបន្តសម្រាប់ខែកញ្ញា​ ឆ្នាំ​២០២១នេះ​!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៅព្រឹកថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា​ និងលេីទិសដៅបន្តសម្រាប់ខែកញ្ញា​ ដោយនៅក្នុងកិច្ចប្រជុំនេះដែរ​ មានការចូលរួមពីលោកនាយរងការិយាល័យ​ និងប្រធានគោលដៅទាំងអស់ផងដែរ។

ដោយនៅក្នុងកិច្ចប្រជុំនេះដែរ​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ បានលេីកឡេីងប្រសាសន៍ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានថ្លែងកោតសរសើរដល់កងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ 

ប្រសាសន៍លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្តទៀតថា មន្ត្រីពន្លត់អគ្គិភ័យទាំងអស់ត្រូវតែបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងត្រូវចេះប្រើពាក្យសំដីសមរម្យដាក់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់សំដីមិនគប្បីដាក់ប្រជាពលរដ្ឋក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះនោះឡើយ។

ជាមួយគ្នានេះ​ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានក្រើនរំលឹកដល់លោកនាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើង។

លោកនាយការិយាល័យ ក៏បានបន្តទៀតថា ចំពោះកិច្ចប្រតិបត្តិការចុះអន្តរាគមន៍ជួយសង្គ្រោះនេះ លោកនាយរងការិយាល័យក៏ដូចជាប្រធានគោលដៅទាំងអស់ ទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាល ដោយក្នុងនោះដែរ លោកវរសេនីយ៍ឯក ក៏បានសង្កត់ធ្ងន់ដែរថា ប្រសិនបើកងកម្លាំងមួយណាដែលមិនអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងទទួលវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានផ្ដាំផ្ញើដល់លោកនាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រមិនត្រូវប្រើពាក្យសម្ដីមិនសមរម្យ ឬគប្បីលើប្រជាពលរដ្ឋនោះឡើយ ដើម្បីបំពេញតួនាទីជាមន្ត្រីពន្លត់អគ្គិភ័យម្នាក់ដ៏ល្អ។

ដោយនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅបន្តសម្រាប់ខែកញ្ញា លោកវរសេនីយ៍ឯកព្រហ្ម យ៉ន ក៏បានចាត់ឱ្យលោកនាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ បែងចែកឲ្យមន្ត្រីជំនាញសម្រាប់ បំពាក់បំពង់ខ្យល់អុកស៊ីសែនដែលហៅថា SCVA ក្នុងប្រតិបត្តិការជួយសង្គ្រោះនៅពេលដែលមានហេតុការណ៍ចាំបាច់បំផុត។

ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវតែអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីរួចផុតពីជំងឺដ៏កាចសាហាវកូវីដ១៩នេះផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖